អាល្លឺម៉ង់ ថា ទ្រព្យបង្កក រុស្ស៊ី ត្រូវយកឲ្យ អ៊ុយក្រែន, អាមេរិក កុំចង់មកប៉ះ
«ទ្រព្យសម្បត្តិរបស់រុស្ស៊ី រាប់សិបពាន់លានដុល្លារ ដែលបង្កកនៅអឺរ៉ុប ត្រូវតែប្រើប្រាស់ ដើម្បីពង្រឹងសមត្ថភាពយោធា របស់អ៊ុយក្រែន មិនមែនដើម្បីផ្តល់ផលប្រយោជន៍ ដល់សហរដ្ឋអាមេរិក នោះទេ» ។ នេះជាការបញ្ជាក់ របស់អធិការបតីអាល្លឺម៉ង់ ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃទី៤ ខែធ្នូ, លោក Friedrich Merz អធិការបតីអាល្លឺម៉ង់និយាយថា ថវិកាទាំងនោះអាចជួយដល់អ៊ុយក្រែន បានប្រហែលជា ២ ទៅ ៣ ឆ្នាំ ដោយសារតែបច្ចុប្បន្ន ប្រទេសនេះ ត្រូវឆ្លងកាត់រដូវរងាដ៏លំបាក ។
បើតាមទីភ្នាក់ងារព័ត៌មាន Anadolu , ការអះអាងរបស់លោក Merz ធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងការផ្ដល់យោបល់ របស់លោកប្រធានាធិបតី Donald Trump ដែលចង់ឲ្យទ្រព្យបង្កករបស់រុស្ស៊ីទាំងនោះ ប្រើប្រាស់ ដើម្បីជាផលប្រយោជន៍របស់រដ្ឋាភិបាល និង ក្រុមហ៊ុនអាមេរិក ។
លោក Merz គូសបញ្ជាក់ថា «នេះគឺជាបញ្ហារបស់អឺរ៉ុប ហើយអាមេរិកក៏បានដឹងដែរថា មិនមានវិធីអនុញ្ញាតឱ្យលុយដែលយើងប្រមូលបាន យកទៅវិនិយោគ តាមការចង់បានរបស់សហរដ្ឋអាមេរិក ក្នុងទម្រង់ណាមួយឡើយ» ។ លោកថា «នេះគឺជាជំហរចរចារ របស់រដ្ឋាភិបាលអាល្លឺម៉ង់ ហើយក៏ជាការឯកភាពគ្នា នៅកម្រិតអឺរ៉ុបផងដែរ ហើយលុយនេះត្រូវតែហូរចូលអ៊ុយក្រែន» ។
រដ្ឋាភិបាលទីក្រុង ប៊ែរឡាំង បានដាក់ចេញសំណើ ស្តីពីការយកលុយបង្កករបស់រុស្ស៊ី បង្វែរទៅជួយដល់ប្រទេសអ៊ុយក្រែន ជាលើកដំបូង កាលពីខែកញ្ញា ឆ្នាំ២០២៥ ។
អាល្លឺម៉ង់ រំពឹងនឹងផ្តល់ឱ្យអ៊ុយក្រែន នូវប្រាក់កម្ចី ចំនួន ១៦៣ ពាន់លានដុល្លារ ដោយប្រមែប្រមូលពីទ្រព្យបង្កករបស់រុស្ស៊ី ។ បើតាមទីក្រុងប៊ែរឡាំង, ផែនការនេះ មានគោលបំណងពង្រឹងសមត្ថភាពយោធា របស់ទីក្រុងកៀវ និង ដាក់សំពាធឲ្យទីក្រុងម៉ូស្គូ ចូលទៅកាន់តុចរចា ៕
ប្រភពពី Anadolu , ប្រែសម្រួល៖ សារ៉ាត