ទីបំផុត TikTok អនុវត្តច្បាប់កំណត់អាយុចូលលេង ចាប់ពីសប្តាហ៍ក្រោយ
ស៊ីដនី ៖ នៅទីបំផុត ក្រុមហ៊ុន TikTok បានយល់ព្រមអនុវត្តតាមច្បាប់អូស្ត្រាលី ស្តីពីការកំណត់អាយុ ឲ្យចូលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ចាប់ពីសប្តាហ៍ក្រោយ តទៅ។
យោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNA, ក្រុមហ៊ុន TikTok បានប្រកាស នៅថ្ងៃសុក្រនេះ ថា ខ្លួននឹងហាមឃាត់អ្នកមានអាយុ ក្រោម១៦ឆ្នាំ នៅអូស្ត្រាលី មិនឲ្យចូលលេង ចាប់ពីថ្ងៃទី១០ ខែធ្នូ ជាថ្ងៃដែលច្បាប់ថ្មីរបស់ប្រទេសនេះ ត្រូវចូលជាធរមាន។
ក្រុមហ៊ុន TikTok បញ្ជាក់ថា «ពួកគេនឹងមិនអាចកាន់កាប់ ឬ បង្កើតគណនីបានទៀតទេ ហើយ ក្មេងៗដែលមានគណនីស្រាប់ នឹងត្រូវបានជូនដំណឹងថា ពួកគេនឹងមិនអាចប្រើបានទៀតទេ ដែលនឹងក្លាយទៅជាគណនីអសកម្ម។ មាតិកាពីមុន របស់ពួកគេ ក៏នឹងលែងមើលឃើញ នៅលើ TikTok ទៀតដែរ»។
យ៉ាងណា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម យក្សមួយនេះ អះអាងថា ពួកគេអាចតវ៉ាជំទាស់ ដើម្បីបញ្ជាក់ពីអាយុរបស់ពួកគេបាន តាមរយៈ ការបង្ហាញមុខ, ការអនុញ្ញាតពីប័ណ្ណឥណទាន ឬ អត្តសញ្ញាណប័ណ្ណផ្លូវការ ហើយ ឪពុកម្តាយត្រូវជួយសហការ ដើម្បីធានាថា ក្មេងៗទាំងនោះ មានភាពស្មោះត្រង់ ជុំវិញអាយុរបស់ពួកគេ។
ក្រុមហ៊ុនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការផ្លាស់ប្តូរទាំងនេះ អាចជាការខកចិត្ត ប៉ុន្តែ ពួកគេចាំបាច់ធ្វើ ដើម្បីធានាថា TikTok អនុលោមតាមច្បាប់ របស់ប្រទេសអូស្ត្រាលី»។
ជុំវិញច្បាប់ថ្មីនេះ កាលពីសប្តាហ៍មុន
គម្រោងសេរីភាពឌីជីថល បានប្រកាសជំទាស់ទៅតុលាការជាន់ខ្ពស់របស់ប្រទេសអូស្ត្រាលី ដោយចាត់ទុកថា ជាការរំលោភបំពានអយុត្តិធម៌ លើសេរីភាពនៃការបញ្ចេញមតិ។
អូស្ត្រាលី គឺជាប្រទេសទី១ អនុវត្តច្បាប់កំណត់អាយុហាមឃាត់ ការប្រើប្រាស់បណ្តាញសង្គម ដែលរួមមាន ទាំង Facebook ជាហេតុធ្វើឱ្យមានការចាប់អារម្មណ៍ ជុំវិញពិភពលោក។
ការមិនប្រកែកតវ៉ា ពីសំណាក់ TikTok បានធ្វើឡើង ស្របពេលដែល អូស្ត្រាលី បានព្រមានថា បើក្រុមហ៊ុនណា មិនអនុវត្តតាម ត្រូវប្រឈមនឹងការផាកពិន័យ ប្រមាណ ៣២លានដុល្លារអាមេរិក៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត