ចិន សំងំផលិតមីស៊ីលប្រឆាំងនាវាចម្បាំង តម្លៃស្មើឡាន Tesla ១ គ្រឿង
ប៉េកាំង ៖ ឧស្សាហកម្មការពារជាតិរបស់មហាយក្សចិនកាន់តែរីកចម្រើនខ្លាំងឡើងថែមមួយកម្រិតទៀត ក្រោយក្រុមហ៊ុន Lingkong Tianxing កំពុងសំងំផលិតមីស៊ីលកម្ទេចនាវាចម្បាំងមានល្បឿនលឿនសំលេងដល់ទៅ ៧ ដង ។
បើតាម China Daily, មីស៊ីលនេះមានឈ្មោះ YKJ-1000 មានតម្លៃ ៩ ម៉ឺន ៩ ពាន់ដុល្លារក្នុងមួយគ្រាប់ ពោលគឺស្មើនឹងឡាន Tesla Model X មួយគ្រឿង ។
ក្រុមហ៊ុន Lingkong Tianxing និយាយថា មីស៊ីលរហស្សនាម “ស៊ីម៉ង់ត៍” មួយនេះ អាចរត់ក្នុងចម្ងាយ រហូតដល់ ៨,៥០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានសមត្ថភាពអាចវាយប្រហារគោលដៅក្នុងចម្ងាយ ១,៣០០ គីឡូម៉ែត្រ ។
បើតាម interesting engineering, កាំជ្រួចដ៏កំណាចរបស់ចិននេះ មានតម្លៃទាបជាងឆ្ងាយ បើធៀបនឹងប្រព័ន្ធមីស៊ីលការពារដែនអាកាសដ៏ទំនើប និងឧបករណ៍ស្ទាក់ចាប់កម្ទេចមីស៊ីលរបស់ប្រទេសដទៃ ។
ជាក់ស្តែង បើប្រៀបធៀបជាមួយឧបករណ៍ស្ទាក់ចាប់មីស៊ីលរបស់អាមេរិក ដូចជា SM-6 មានតម្លៃរហូតដល់ ៤ លានដុល្លារក្នុងមួយគ្រាប់ ខណៈប្រព័ន្ធខែលការពារមីស៊ីល THAAD មួយគ្រាប់មានតម្លៃចន្លោះពី ១២ ទៅ ១៥ លានដុល្លារឯណោះ ។
មីស៊ីល YKJ-1000 ត្រូវបានគេជឿថា ត្រៀមខ្លួនរួចរាល់ហើយ នៅក្នុងការផលិតជាលក្ខណៈទ្រង់ទ្រាយធំ បន្ទាប់ពីការបាញ់សាកល្បងដោយជោគជ័យ ។
ក្នុងករណី មីស៊ីលនេះត្រូវបានចែកចាយលក់លើទីផ្សារ នោះវានឹងបើកដៃប្រទេសតូចៗ អាចមានសមត្ថភាពបង្កការគំរាមកំហែងដល់នាវាចម្បាំងទំនើបៗលើពិភពលោក ៕
ប្រភព ៖ China Daily និង interesting engineering ប្រែសម្រួល ៖ ឈឹម ទីណា