កម្ពុជាប្រារព្ធបើកបើកវេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា២០២៥

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញ​ជាអធិបតីបើកវេទិកាអភិបាលកិច្ច​អ៊ីនធឺណិតកម្ពុជា ២០២៥ ក្រោមប្រធានបទ “ការកសាងសង្គមឌីជីថលកម្ពុជា ប្រកបដោយ​បរិយាបន្ន (Building Cambodia’s Inclusive Digital Society)” ដែលជាព្រឹត្តិការណ៍អមក្នុង វេទិការដ្ឋាភិបាលឌីជីថល ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ ពុធ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកស្រី Esther McFarlane មន្ត្រីទទួលបន្ទុកការិយាល័យ អង្គការយូណេស្កូប្រចាំនៅភ្នំពេញ លោក ធី ទ្រី នាយកប្រតិបត្តិ/និពន្ធនាយក អង្គការទិន្នន័យអំពីការអភិវឌ្ឍ កម្ពុជា (ODC) លោក Chengetai Masango ប្រធានការិយាល័យ លេខាធិការដ្ឋានអង្គការ​សហប្រជាជាតិ (UN) នៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិត ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងមកពី​ភាគីពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប។

វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥ ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អង្គការយូណេស្កូ (UNESCO) អង្គការ Open Development Cambodia (ODC) និង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដោយផ្តោតជាពិសេសសម្រាប់កំណើន និងស្ថិរភាពរបស់​ប្រទេសយើងរួមមានដូចជា៖ សុវត្ថិភាពអនឡាញក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) -ការតភ្ជាប់អ៊ីនធឺណិតជាសកល និងប្រកបដោយអត្ថន័យ -ការពង្រឹងសមត្ថភាពយុវជនសម្រាប់អនាគតឌីជីថល។

ប្រសាសន៍បើកកម្មវិធីឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បាន គូសបញ្ជាក់ពីអាទិភាពសំខាន់ៗមួយចំនួនសម្រាប់ការពិភាក្សារបស់​វេទិកាដូចជា៖១. ការអភិវឌ្ឍក្របខ័ណ្ឌគោលនយោបាយរហ័សរហួន ដើម្បីទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ​ដូចជាបញ្ញាសិប្បនិម្មិត ខណៈពេលដែលគ្រប់គ្រងហានិភ័យដែលទាក់ទងនឹងភាពឯកជននៃទិន្នន័យ សន្តិសុខតាមអ៊ីនធឺណិត និងភាពសុខដុមរមនាក្នុងសង្គមប្រកបដោយប្រសិទ្ធភាព។២. ការលើកកម្ពស់ការដាក់បញ្ចូល និងអក្ខរកម្មឌីជីថល ដើម្បីធានាថាប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន ស្ត្រី និងអ្នកដែលនៅតំបន់ជនបទ អាចចូលប្រើ ប្រើប្រាស់ និងបង្កើតតម្លៃតាមរយៈឧបករណ៍ឌីជីថល ដោយមិនទុកនរណាម្នាក់ឱ្យនៅខាងក្រោយក្នុងការផ្លាស់ប្តូរឌីជីថលឡើយ។

ចំណែកចំណុចទី៣. ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងក្នុងសន្តិសុខតាមអ៊ីនធឺណិត ប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំតាមអ៊ីនធឺណិត និងខ្លឹមសារខុសច្បាប់ និងកសាងបរិយាកាសឌីជីថលដែលគួរឱ្យទុកចិត្ត។
៤. លើកកម្ពស់នវានុវត្តន៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដោយកសាងលើសមិទ្ធផលជាតិថ្មីៗក្នុងការត្រួតពិនិត្យបទប្បញ្ញត្តិ ខ្សែកាបអុបទិកក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ទំនើប ដើម្បីបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការរីកចម្រើន​និង៥.ដែលជាចំណុចចុងក្រោយគឺ ពង្រឹងយុវជនជាអ្នកដឹកនាំឌីជីថល តាមរយៈគំនិតផ្តួចផ្តើមដូចជា Youth IGF ដែលទើប​នឹងបង្កើតថ្មី ដោយធានាថាមនុស្សជំនាន់ក្រោយគឺជាស្ថាបត្យករនៃគោលនយោបាយ​ឌីជីថលដែលនឹងកំណត់​អនាគតរបស់​ពួកគេ។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវការទុកចិត្តយ៉ាងមុតមាំថា បានលើកទឹកចិត្តឱ្យមានការចូលរួមពិភាក្សា និងផ្លាស់ប្តូរទស្សនៈឱ្យបានផុលផុស សម្រាប់ជាទុនក្នុងការកសាងអនាគតឌីជីថលរួមគ្នា។ ជាពិសេស យកឱកាសនេះបង្កើត​បណ្តាញទំនាក់ទំនង និងកសាងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅនិងទូលំទូលាយបន្ថែមទៀត ដើម្បីរួមគ្នាសម្រេចសមិទ្ធផល​បន្ថែមទៀតជូនជាតិ និងប្រជាជនរបស់ខ្លួន៕
ដោយ៖ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner