ឥណ្ឌា និងរុស្ស៊ី ដាក់មហិច្ឆតាជំរុញពាណិជ្ជកម្មកើនដល់ ១០០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០

ញូវដែលី ៖ ប្រទេសឥណ្ឌា និងរុស្ស៊ី កំណត់គោលដៅប្រកបដោយមហិច្ឆតាបង្កើនសន្ទុះពាណិជ្ជកម្មទ្វេភាគីរហូតដល់ ១០០ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ស្របពេលដែលទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងដល់កម្រិតខ្ពស់បំផុត ទោះបីមានសម្ពាធពីសហរដ្ឋអាមេរិកក៏ដោយ។

យោងតាម RT, គោលដៅនេះ កើតឡើងបន្ទាប់ពីលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងលោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី បានព្រមព្រៀងជំរុញភាពជាដៃគូសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ក្នុងនោះរួមមានផ្នែកហេដ្ឋារចនាសម្ព័ន្ធ ថាមពល ឱសថ និងវិស័យប្រព័ន្ធផ្សព្វផ្សាយ។

បើតាមលោកប្រធានាធិបតី ពូទីន, ដើម្បីសម្រេចបាននូវគោលដៅនេះ កម្មវិធីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរុស្ស៊ី-ឥណ្ឌារហូតដល់ឆ្នាំ២០៣០ ត្រូវបានសម្របសម្រួល កំណត់ស្តង់ដារសម្រាប់ស្ថាប័នអន្តររដ្ឋាភិបាល ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងជំរុញគម្រោងរួមគ្នា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងការវិនិយោគ។

ចំណែកលោកនាយករដ្ឋមន្រ្តី ម៉ូឌី ក៏បានអះអាងដែរថា កម្លាំងចលករធំបំផុតរវាងប្រទេសទាំងពីរ គឺការជឿទុកចិត្តគ្នាទៅវិញទៅមក។ ដូច្នេះលោកជឿជាក់ថា ឥណ្ឌា-រុស្ស៊ី នឹងអាចឈានដល់គោលដៅសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីរហូតដល់ ១០០ ពាន់លានដុល្លារនៅមុនឆ្នាំ ២០៣០៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner