សម្ដេចតេជោឆ្លើយតប៖ កម្ពុជាមិនបានប្រើប្រាស់លុយចិន ឬលុយពីប្រទេសផ្សេងសូម្បីមួយសេន ក្នុងការរៀបចំស៊ីហ្គេម

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ទាក់ទងនឹងការធ្វើជាម្ចាស់ផ្ទះដោយក្នុងកម្ពុជា​ការរៀប​ចំ​កីឡា​ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣​ ថា”ការចំណាយសម្រាប់ការប្រកួត កម្ពុជាមិនបានប្រើប្រាស់លុយចិន ឬលុយពី​ប្រទេសផ្សេងសូម្បីមួយសេន”។ ការលើកឡើងយ៉ាងដាច់ណាត់នេះ បន្ទាប់ពីមន្រ្តីនៃរដ្ឋាភិបាលថៃបាននិយាយថា ការរៀបចំស៊ីហ្គេមលើកទី៣២ របស់កម្ពុជា ចាយលុយចិន។

លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដោយ​មានខ្លឹមសារដូច្នេះថា នេះខ្ញុំមានការចាំបាច់ដើម្បីបំភ្លឺទៅកាន់ប្រជាជនកម្ពុជា និងប្រជាជនថៃពីរឿងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា។ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ មុននេះផេក Facebook ផ្លូវការរបស់ខ្ញុំបានបង្ហោះវីដេអូមួយ ស្តីពីការបិទស៊ីហ្គេមនៅឆ្នាំ២០២៣ នៅកម្ពុជា។

សម្ដេចតេជោបន្តថា ខ្ញុំមិននឹកស្មានថា តាមរយៈវីដេអូនេះធ្វើឱ្យជនជាតិថៃមួយចំនួនលើកឡើងថា ខ្ញុំមានចេតនាឌឺដងឱ្យថៃ​ដែលធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៥នេះ។ ខ្ញុំពិតជាមិនហ៊ានប្រៀបធៀបកម្ពុជា ជាមួយប្រទេសផ្សេងនោះទេ ព្រោះប្រទេស​នីមួយៗមានរបៀបចាត់ចែងកិច្ចការរៀងៗខ្លួន និងកាន់តែមិនហ៊ានប្រៀបធៀប ជាមួយប្រទេសថៃ ដែលមានមនុស្សមួយចំនួន​ចេញមកតាំងខ្លួនថា ជាប្រទេសអ្នកមានប្រមាថមើលងាយកម្ពុជាថា ជាប្រទេសអ្នកក្រដែលមានអ្នកសុំទានពាក់​កណ្តាល​ប្រទេស។

សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចថា “រឿងកាន់តែហួសចិត្តមានជនជាតិថៃមួយចំនួនចេញមកនិយាយថា សូមកុំយក​ថៃទៅ​ប្រៀបធៀបជាមួយកម្ពុជា ព្រោះកម្ពុជាធ្វើស៊ីហ្គេមដោយប្រើលុយចិន។ (រឿងបែបនេះគេអាចនិយាយទៅកើត តើនេះជាចរិត​បុគ្គល ឬចរិតជនជាតិថៃ ដែលចូលចិត្តមើលងាយគេនិងប្រឌិតរឿង)”។ខ្ញុំគួរតែបញ្ជាក់ថា មិត្តចិនតាមរយៈ​ប្រធានាធិបតី ស៊ី ជិនភីង ពិតជាបានជួយសាងសង់ស្តាតមរតកតេជោ ដែលជាកន្លែងបើក និងបិទស៊ីហ្គេម ព្រមទាំងជាទីតាំង ប្រកួតវិញ្ញាសារមួយចំនួនផងដែរ ដែលខ្ញុំសូមយកឱកាសនេះជាថ្មីម្តងទៀត សូមអរគុណមិត្តចិនដែលបានជួយកសាងហេដ្ឋារចនា​សម្ព័ន្ធកីឡាមួយនេះ ដែលកម្ពុជា នឹងប្រើ តកូន តចៅ។ ស៊ីហ្គេមមានវិញ្ញាសារប្រកួតជាច្រើនដែលនៅភ្នំពេញមួយចំនួន និងតាមខេត្តមួយចំនួន។

នៅភ្នំពេញក្រៅពីទីតាំងដែលរដ្ឋាភិបាលកសាងក្រោយឆ្នាំ១៩៧៩ យើងនៅមានមរតកដែលបន្សល់ទុកដោយ សម្តេចឪ សម្តេចតា សម្តេចតាទួតរបស់យើងគឺ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ កសាងក្នុងអំឡុងឆ្នាំ១៩៦០ គឺស្តាតអូឡាំពិកដែលជាទីតាំងនៃការប្រកួតពិសេសបាល់ទះ និងបាល់ទាត់ ដែលនៅទីនេះហើយដែលក្រុមបាល់ទាត់ថៃ​ស្គាល់ពាក្យថា ចាញ់ និង ឥណ្ឌូណេស៊ីស្គាល់ពាក្យថា ឈ្នះលើថៃជាលើកដំបូងដែលធ្វើឱ្យកីឡាករថៃរករឿងកីឡាករ និងគ្រូបង្ហាត់ឥណ្ឌូណេស៊ី ដែលកម្ពុជាក្នុងនាមម្ចាស់ផ្ទះរកវិធីទប់ស្កាត់ជម្លោះ។

សម្ដេចតេជោបន្តថា “និយាយពីការចំណាយសម្រាប់ការប្រកួតយើង មិនបានប្រើប្រាស់លុយចិន ឬលុយពីប្រទេសផ្សេង​សូម្បីមួយសេន។ ខ្ញុំបានប្រគល់ភារកិច្ចជូន សម្តេច ទៀ បាញ់ ដឹកនាំគណៈកម្មាធិការនៃការរៀបចំ និងការប្រកួតដែលមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី ថោង ខុន នៅក្នុងគណៈកម្មាធិការនេះដែរ ដើម្បីរៀបចំលុយសម្រាប់​បម្រើឱ្យការប្រកួត។ ខ្ញុំពិតជាមានសំណាងដែលជាង២០ឆ្នាំចុងក្រោយ នៃការកាន់តំណែងជា នាយករដ្ឋមន្ត្រី រយៈពេលជាង៣៨​ឆ្នាំ ខ្ញុំមានមេផ្ទះដ៏ល្អ២រូបទី១ ឯកឧត្តម គាត ឈន់ និងទី២ ឯកឧត្តម អូន ពន្ធ័មុនីរ័ត្ន។ មេផ្ទះទាំងពីររូប មិនមែនជាស្រីកញ្ជើធ្លុះទេ តែជាមេផ្ទះដែលចេះសន្សំពិសេសដំណាក់កាល ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជាដំណាក់កាលថវិកាដែលទុកចិត្តបាន និងថវិកាផ្សារភ្ជាប់ជាមួយគោលនយោបាយ។

សម្ដេចតេជោបន្តថា តាមការចង្អុលណែនាំរបស់ខ្ញុំ ដែលប្រាប់ មុនីរ័ត្ន និងសមាជិករាជរដ្ឋាភិបាលផ្សេងទៀតថា ត្រូវសន្សំសាច់​ប្រាក់ដើម្បីកុំឱ្យលំបាកខ្វះសាច់ប្រាក់បើកប្រាក់ខែ បើចង់សល់សាច់ប្រាក់ត្រូវសន្សំ គឺរកបាន១០​ចាយ តែ៧ឬ៨ សន្សំបាន ២ឬ៣។ មុនកូវីដមកដល់សាច់ប្រាក់ក្នុងរតនាគារជាតិមានជិត៤ពាន់លានដុល្លារ ដែលពេលនោះ ខ្ញុំមានគម្រោងដក​យកពី១៥០០លាន ទៅ ២០០០លាន ដើម្បីវិនិយោគលើផ្លូវស្ពាន និងប្រឡាយទឹកតែជាអកុសលជំងឺកូវីដមកសម្លាប់ ជីវិតប្រជាជនយើង។ យើងគ្មានជម្រើសណាផ្សេងក្រៅពីយកលុយនេះមកការពារជីវិតប្រជាជន និងជួយប្រជាជននោះទេ។ តែទោះយ៉ាងណាសាច់ប្រាក់នៅរតនាគារនៅតែធានាការចំណាយដោយបើកបៀវត្សមួយខែពីរដងដដែល។

សម្រាប់ការចំណាយស៊ីហ្គេមឆ្នាំ២០២៣ យើងមិនបានប្រើថវិកាជាតិឆ្នាំ២០២៣តែមួយឆ្នាំនោះទេ។ ការធ្វើបែបនេះ នឹងធ្វើ​ឱ្យថវិកាឆ្នាំ២០២៣ រងសម្ពាធ និងផ្អាកចំណាយលើគម្រោងវិនិយោគមួយចំនួន។ របៀបរបស់យើងត្រូវបញ្ចូលទៅក្នុង​ថវិកាប្រចាំឆ្នាំតាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ដែលក្នុងមួយឆ្នាំជិត១០លានដុល្លារ បានថវិកាជិត៥០លានដុល្លារ។ ដោយឡែកថវិកាឆ្នាំ២០២៣ យើងគ្រោងក្នុងច្បាប់ថវិកាចំនួន១៥០លានដុល្លារទៀតសរុប ជិត២០០លាន។ តែដោយ​ស្មារតី​សន្សំសំចៃដែលដឹកនាំដោយ សម្តេច ទៀ បាញ់ យើងចំណាយត្រឹមតែ១១៨លានដុល្លារប៉ុណ្ណោះ​ ដោយគិតទាំងចំណាយជំនួសកីឡា បរទេសទាំងការស្នាក់នៅ ហូបចុក។ ការមិនឱ្យកីឡាប្រទេសជាមិត្តបង់ប្រាក់តាមទម្លាប់គឺ​កម្ពុជាជាអ្នកធ្វើមុនដែលជាការសម្រេចរបស់ខ្ញុំ ក្នុងគោលបំណងពង្រឹងសាមគ្គីភាពក្នុងអាស៊ានតាមរយៈវិស័យកីឡា។

សម្ដេចតេជោ ហ៊ុន សែន បន្ដថា កម្ពុជាជាប្រទេសក្រទ្រព្យ ក្រលុយ តែមិនក្រចិត្តនោះទេ យើងចិញ្ចឹមកីឡាប្រទេសជាមិត្តអស់​ប្រហែល១២លានដុល្លារប៉ុណ្ណោះ បើគិតទាំងការចំណាយលើការប្រកួតអាស៊ានប៉ារ៉ាហ្គេមផង ចំណាយត្រឹម១២៦លានប៉ុណ្ណោះ និងបើគិតប្រាក់រង្វាន់ដល់កីឡាកម្ពុជាដែលទទួលបានមេដាយ គ្រប់កម្រិតផងយើងចំណាយត្រឹម១៣០លាន​ក្នុងគម្រោង​នៃច្បាប់ថវិកា២០១៨ ដល់ ២០២២ ប្រមាណជិត៥០លាននិង១៥០លានក្នុងច្បាប់ថវិកា២០២៣។ សម្រាប់កម្ពុជាអាចខុសពីថៃ នៅត្រង់តាំងពីចាប់ផ្តើមរៀបចំការសាងសង់រហូតដល់ប្រកួត និងការប្រកួតចប់រយៈពេល​ប្រមាណជាង៦ឆ្នាំ យើងមិនដែលស្តីបន្ទោសគ្នា ឬស្រែកថា ខ្វះលុយ ឬធ្វើអធិការកិច្ចលើការចំណាយនោះទេ ទោះយើងត្រូវ​ជនជាតិថៃខ្លះប្រមាថយើងថា ជាប្រទេសក្រីក្រក៏ដោយ។ នេះជារបៀបគិតគូរ និងរបៀបចំណាយនៃប្រទេសអ្នកក្រ ដែលមានអ្នកតាំងខ្លួនជាអ្នកមាន ប្រមាថលើយើង។

សម្ដេចតេជោ ហ៊ុន សែន បញ្ចប់សំណេរដោយសង្កត់ធ្ងន់ថា “សង្ឃឹមថាជនជាតិថៃដែលនិយាយប៉ះពាល់ដល់កម្ពុជា ដកពាក្យដែលថា កុំយកថៃទៅប្រៀបធៀបជាមួយកម្ពុជាថា កម្ពុជាធ្វើស៊ីហ្គេមដោយប្រើលុយចិន ព្រោះពាក្យនេះមិនគ្រាន់តែ​មើលងាយចំពោះកម្ពុជាប៉ុណ្ណោះទេ តែវាក៏ជាប្រមាថ ឬទះកំផ្លៀងមហាអំណាចចិនផងដែរ។ សង្ឃឹមថា ថៃនឹងធ្វើបានល្អនៅ​ស៊ីហ្គេម២០២៥នេះ ព្រមទាំងដោះស្រាយបានល្អនូវគ្រោះទឹកជំនន់រាប់ខែកន្លងមកនេះ ជាជាងមកគិតតែពីរឿង​ឈ្នះចាញ់​ជាមួយកម្ពុជា និងមីយ៉ាន់ម៉ា។ ខ្ញុំរក្សាសិទ្ធិឆ្លើយតបដើម្បីការពារសេចក្ដីថ្លៃថ្នូរជាតិសាសន៍របស់ខ្ញុំ និងពន្យល់ទៅកាន់​ប្រជាជនកម្ពុជា និងប្រជាជនថៃផងដែរ”៕
ដោយ៖ពលជ័យ

ads banner