ក្រសួងអធិការកិច្ច ដាក់តាំងបង្ហាញសមិទ្ធផលការងារ និងកំណែទម្រង់ឌីជីថលសម្រួលការងារជូនពលរដ្ឋ ក្នុងវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥
ក្រសួងអធិការកិច្ច ជាសេនាធិការរាជរដ្ឋាភិបាលក្នុងវិស័យអធិការកិច្ច បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្របច្ចកោណតាមដំណាក់កាលទី១ បានកំណត់គោលដៅសំខាន់ៗសម្រាប់ការកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការធ្វើដំណើរទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។ ក្នុងនោះ បញ្ចកោណទី៥ ដែលផ្តោតលើ សេដ្ឋកិច្ច និងសង្គមឌីជីថល មានតួនាទីយ៉ាងសំខាន់ក្នុងការបំផុសបច្ចេកវិទ្យាទំនើបទៅក្នុងការអភិវឌ្ឍន៍រដ្ឋបាល និងការផ្តល់សេវាសាធារណៈ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍ច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ក្រោមប្រធានបទ ៖ ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល ដែលរៀបចំដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ បានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូលរួមពីបណ្តាក្រសួងស្ថាប័នរដ្ឋទាំងអស់ និងវិស័យឯកជនមួយចំនួន ដោយបានដាក់បង្ហាញអំពីសមិទ្ធផលថ្មីៗ នៃការផ្លាស់ប្តូរទៅជាប្រព័ន្ធឌីជីថលលើកិច្ចការងារស្នូលរៀងៗខ្លួន ។
ក្រសួងអធិការកិច្ច ក្នុងវេទិការនោះ បានដាក់តាំងបង្ហាញពីសមិទ្ទផលនៃការកែទម្រង់ការងាររបស់ខ្លួនទៅជាបែបឌីជីថលជាទម្រង់គេហទំព័រទំនើប សំដៅលើកកម្ពស់ភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ តាមរយៈបេសកកម្មក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យអធិការកិច្ចកម្ពុជា ការបង្ការទប់ស្កាត់កែលម្អ និងប្រឆាំងរាល់បាតុភាពអសកម្មនានាឲ្យកាន់តែប្រសើរផងដែរ ។ លោក សុខ សារឿន ប្រធាននាយកដ្ឋានស្ដីទី នៃនាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអធិការកិច្ច ក្នុងការផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍អប្សរា បានថ្លែងបង្ហាញពីសមិទ្ធផលការងាររបស់ក្រសួង និងការសម្រួលការងារដាក់សំណើរពាក្យបណ្តឹងផ្សេងៗរបស់ពលរដ្ឋ តាមប្រព័ន្ធឌីជីថល យ៉ាងនេះថា (សំលេង សំលេង លោក សុខ សារឿន ប្រធាននាយកដ្ឋានស្ដីទី នៃនាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអធិការកិច្ច )

យោងតាម ប្រសាសន៍ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួង អធិការកិច្ច បានបញ្ជាក់ពីសាវតានៃវិស័យអធិការកិច្ចនៅកម្ពុជាថា វិស័យអធិការកិច្ច បានបង្កើតឲ្យមានឡើង តាំងពីសម័យសង្គមរាស្ត្រនិយមមកម្លេះ ដែលរហូតមកដល់បច្ចុប្បន្ននេះ គឺជាក្រសួងអធិការកិច្ច ដែលជាអធិការកិច្ចរាជរដ្ឋាភិបាល មានមុខងារស្នូលចំនួន៤ គឺ ការងារអធិការកិច្ច, ការងារដោះស្រាយបណ្តឹង, ការងារតាមដានការអនុវត្តច្បាប់ និងការងារអប់រំផ្សព្វផ្សាយច្បាប់ និងវេទិកាសាធារណៈ ។ ដើម្បីសម្រេចបានបេសកកម្ម ក្នុងការចូលរួមក្នុងកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្រសួងអធិការកិច្ច បានដាក់ចេញយុទ្ធសាស្ត្រ «ព៤ជ៤» ថែមទៀត គាំទ្រដល់តួនាទីភារកិច្ច និងបេសកកម្ម ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ។ ចំពោះពាក្យកាត់នៃ «ព៤» បានសំដៅដល់ការពង្រឹងការងារស្នូលចំនួន៤ គឺការពង្រឹងការងារអធិការកិច្ច, ពង្រឹងការងារដោះស្រាយបណ្តឹង, ពង្រឹងការងារតាមដានការអនុវត្តច្បាប់ និងពង្រឹងការងារអប់រំផ្សព្វផ្សាយច្បាប់ និងវេទិកាសាធារណៈ ។ ចំណែក «ជ៤» នោះវិញ គឺជាការជំរុញការងារគាំទ្រចំនួន៤ ផងដែរ រួមមាន ៖ ការជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្ត, ជំរុញ និងបង្កើនសមត្ថភាពស្ថាប័ន, ជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ។
សូមបញ្ជាក់ថា ការរៀបចំតាក់តាំងយុទ្ធសាស្ត្រ «ព៤ជ៤»នេះឡើង គឺដើម្បីជាការរួមចំណែកពង្រឹងអភិបាលកិច្ច និងទំនុកចិត្តសាធារណៈ ក្នុងគោលដៅកសាងសង្គម ដែលមានភាពធន់ តាមរយៈការលើកកម្ពស់គុណភាពស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅធានាបាននូវយុត្តិធម៌ តម្លាភាព និងអភិបាលកិច្ចល្អ ជូនប្រជាពលរដ្ឋ ៕
អត្ថបទ: គង់ សុផុល
រូប: វេង លឹមហួត, រិនរចនា






