សម្តេចតេជោ ហ៊ុន សែន ថា នាយករដ្ឋមន្ត្រីប្រើប្រាស់សង្គ្រាមជាមួយកម្ពុជា ដើម្បីសន្លឹកឆ្នោត
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមើលឃើញថា នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល(Anutin Charnvirakul )កំពុងប្រើប្រាស់ជីវិតកងទ័ព និងជីវិតប្រជាជនថៃ ដើម្បីស្វែងរកការគាំទ្រសន្លឹកឆ្នោត ខណៈដែលប្រទេសថៃគ្រោងនឹងធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅឆ្នាំ ២០២៦ ខាងមុខ។
ប្រទេសថៃ បានបើកការវាយប្រហារមកលើកងទ័ពកម្ពុជាចាប់តាំងពីរសៀលថ្ងៃអាទិត្យទី៧ ខែធ្នូ ដែលជាការវាយប្រហារប្រដាប់អាវុធទ្រង់ទ្រាយធំលើកទី២ តាមបណ្តោយព្រំដែនរួមជាមួយកម្ពុជា ក្នុងឆ្នាំ២០២៥នេះ បើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួររួចទៅហើយក្តី។
នៅលើបណ្តាញសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានហៅការវាយប្រហាររបស់យោធាថៃនេះ ថាធ្វើឡើងក្នុងគោលដៅស្វែងរកការគាំទ្រសំឡេងឆ្នោត របស់នាយករដ្ឋមន្ត្រីអាយុ ៤ខែរបស់ប្រទេសថៃ។
សម្តេចតេជោលើកឡើងដោយបញ្ជាក់ពីការហួសចិត្ត ថា លោក Anutin ហ៊ានប្រើជីវិតកងទ័ព និងប្រជាជន ប្រកាសធ្វើសង្គ្រាមជាមួយកម្ពុជា ក្នុងពេលដែលកងទ័ពកម្ពុជាមិនតបតនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា៖ ពេលមិនទាន់ក្លាយជានាយករដ្ឋមន្ត្រី លោក Anutin «គឺជាមិត្តភ័ក្តិ ដល់ឡើងជានាយករដ្ឋមន្ត្រីភ្លេចមិត្តភាព»។ សម្តេចសង្កត់ធ្ងន់ថា សម្តេច យល់ពីការស្រឡាញ់ជាតិ តែមិនគួរលោក អានុទីន«ប្រកាសធ្វើសង្គ្រាមជាមួយអ្នកមិនតបតនោះទេ»។
ជាមួយគ្នានេះ សម្តេចតេជោប្រធានព្រឹទ្ធសភា បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា «បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយ» ហើយ មេបញ្ជាការកងទ័ពកម្ពុជាគ្រប់ជាន់ថ្នាក់បានអប់រំ និងនាយទាហាន ពលទាហានទាំងអស់ត្រូវតែយល់ដឹងគ្រប់ៗគ្នាអំពីគោលការណ៍នេះ។
លើសពីនេះសម្តេចតេជោក៏បានចេញបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មានសុវត្ថិភាពជាបន្ទាន់ផងដែរ។
នៅថ្ងៃចន្ទនេះដែរ ក្រសួងការពារជាតិកម្ពុជាបានប្រកាសថ្កោលទោស ចំពោះទង្វើអមនុស្សធម៌ សាហាវឃោរឃៅរបស់ទាហានថៃ ដែលបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ដែលមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមប្រធានអាស៊ាន ជាសាក្សី៕
ដោយ៖ទួន សុផល,ម៉ាដេប៉ូ


