មេធំអ៊ីស្រាអែលនឹងជជែកជាមួយលោក ត្រាំ ពីបទឈប់បាញ់ដំណាក់កាលទី២នៅហ្គាហ្សា
ហ្សេរុយសាឡឹម ៖ មេដឹកនាំអ៊ីស្រាអែលនិយាយថា នឹងជជែកជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump ពីឱកាសស្វែងរកសន្តិភាពនៅហ្គាហ្សា នាចុងខែនេះ ហើយអ៊ីស្រាអែលរំពឹងថា បទឈប់បាញ់ដំណាក់កាលទី២ នឹងខិតជិតមកដល់ឆាប់ៗនេះ។
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ថ្លែងថា លោកនឹងបើកកិច្ចពិភាក្សាសំខាន់ៗជាមួយលោកប្រធានាធិបតី Trump នៅចុងខែធ្នូនេះ អំពីមធ្យោបាយធានាឱ្យផែនការដំណាក់កាលទីពីររបស់ហ្គាហ្សា អាចសម្រេចបាន។
បើតាមមេដឹកនាំអ៊ីស្រាអែលមានវ័យ៧៦ឆ្នាំរូបនេះ, លោកក៏នឹងពិភាក្សាជាមួយលោកប្រធានាធិបតី Trump ជុំវិញមធ្យោបាយបញ្ចប់ការគ្រប់គ្រងរបស់ក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សាផងដែរ។
សូមបញ្ជាក់ថា បទឈប់បាញ់អ៊ីស្រាអែល-ក្រុមហាម៉ាស់ ដែលចូលជាធរមាននៅថ្ងៃទី១០ ខែតុលា កំពុងឈានចូលខែទីពីរហើយ បើទោះបីជាភាគីទាំងពីរបានចោទដាក់គ្នាទៅមកម្តងហើយម្តងទៀត ថាបានរំលោភលើកិច្ចព្រមព្រៀងនេះក៏ដោយ។
ស្ថិតក្រោមដំណាក់កាលទី១ នៃផែនការសន្តិភាពរបស់លោក Trump, អ៊ីស្រាអែលរក្សាការគ្រប់គ្រង ៥៣% លើហ្គាហ្សា ដែលពាក់ព័ន្ធនឹងការដោះលែងចំណាប់ខ្មាំង និងអ្នកទោសជនជាតិប៉ាឡេស្ទីន។
បើតាមផែនការដដែល អ៊ីស្រាអែលនឹងដកថយបន្ថែមទៀតក្នុងដំណាក់កាលទីពីរ ខណៈអាជ្ញាធរអន្តរកាលត្រូវបង្កើតឡើងនៅហ្គាហ្សា ហើយកងកម្លាំងសន្តិសុខពហុជាតិត្រូវដាក់ពង្រាយ និងក្រុមហាម៉ាស់ត្រូវរំសាយអាវុធ ហើយការកសាងហ្គាហ្សាឡើងវិញចាប់ផ្តើមជាផ្លូវការ៕
ប្រភព ៖ The straits times ប្រែសម្រួល ៖ ឈឹម ទីណា