វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធ ត្រូវបានប្រារព្ធបិទ

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បាន​អញ្ជើញ​ជាអធិបតីភាពក្នុងពិធីបិទ វេទិការដ្ឋាភិបាលឌីជីថល ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិ​ពាក់ព័ន្ធ​ក្រោមប្រធានបទ «ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល»បន្ទាប់ពី​ប្រព្រឹត្តទៅអស់រយៈ​ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍​ជាតិ-អន្តរជាតិពាក់ព័ន្ធ ដែលប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃនេះ បានផ្តល់ឱកាសជូនដល់អ្នកចូលរួមទាំងអស់ដែល​អញ្ជើញមក​ពីក្រសួង ស្ថាប័ន វិស័យឯកជន គ្រឹះស្ថានឧត្ដមសិក្សា ដៃគូពាក់ព័ន្ធ និងសាធារណជនទូទៅ ទាំងជាតិនិងអន្តរជាតិ អាចចូលរួម​ស្វែងយល់អំពីការវិវឌ្ឍន៍ថ្មីៗនៃបច្ចេកវិទ្យាឌីជីថល ការស្រាវជ្រាវនិងនវានុវត្តន៍ឌីជីថល តាមរយៈការចូលរួមស្តាប់កិច្ចពិភាក្សា​ផ្លាស់ប្ដូរយោបល់ស៊ីជម្រៅ ប្រកបដោយស្មារតីបើកចំហ រវាងថ្នាក់ដឹកនាំទទួលបន្ទុកវិស័យនេះមកពីបណ្តាប្រទេសនិង​ដៃគូអភិវឌ្ឍន៍នានា វាគ្មិនជាមន្ត្រីជាន់ខ្ពស់ អ្នកជំនាញបច្ចេកទេស និងអ្នករៀបចំគោលនយោបាយមកពីស្ថាប័នជាតិនិង​អន្តរជាតិជាច្រើន និងការធ្វើបទបង្ហាញនានា ដោយវាគ្មិនជាតិ និងអន្តរជាតិជាច្រើននាក់។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា លទ្ធផលនៃកិច្ចពិភាក្សាទាំងនេះនឹងជួយតម្រង់ទិសលើដំណើរបរិវត្តកម្មឌីជីថលនៅកម្ពុជា ឱ្យកាន់តែលឿន ច្បាស់លាស់ និងមានលទ្ធផលប្រកបដោយផ្លែផ្កាស្របតាមការរំពឹងទុក ហើយអាចឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់​ប្រព័ន្ធឌីជីថលរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសរំលេចអំពីអ្វីដែលពិសេសសម្រាប់វេទិកាឆ្នាំ២០២៥ សម្រេចបានគឺ៖
១. ការចុះហត្ថលេខាលើក​អនុស្សរណៈយោគយល់ចំនួន ៧ជាមួយប្រទេសជាមិត្តនិងដៃគូពាក់ព័ន្ធ ក្នុងវិស័យឌីជីថល បង្ហាញអំពីតួនាទីសំខាន់របស់កម្ពុជាក្នុងតំបន់ ។
២. ការប្រកាសដាក់ឱ្យដំណើរការជាផ្លូវនៃសេវាទូរសព្ទចល័ត 5G ចាប់ពីឆ្នាំ២០២៦ តទៅ ហើយបន្ទាប់ពីនោះ គឺប្រតិបត្តិករទូរសព្ទចល័តធំៗទាំង ៣ ដែលមានវត្តមានក្នុងពិព័រណ៍ ក៏បាននាំយកឧបករណ៍តេស្តសាកល្បងសម្រាប់សាធារណជនទូទៅ អាចបានឃើញអំពីចំណុះសមត្ថភាពរបស់សេវា 5G នេះដែរ។ ខ្ញុំសង្ឃឹមជឿជាក់យ៉ាងមុតមាំថា សេវា 5G នឹងជួយបង្កើនផលិតភាពសេដ្ឋកិច្ចរបស់កម្ពុជាក្នុងកម្រិតខ្ពស់ ជាពិសេស ក្នុងវិស័យឧស្សាហកម្ម សិប្បកម្ម និងសេវាកម្ម ព្រមទាំងជួយជំរុញល្បឿននៃដំណើរការបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់វិស័យ​ទាំងអស់។
៣. ឯកឧត្តម David L. Almirol Jr. អនុរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានហ្វីលីពីន បានលើកឡើងថា ហ្វីលីពីន​បានដាក់ឱ្យប្រើនិម្មាបនកម្មរបស់ថ្នាល verify លើអត្តសញ្ញាណឌីជីថល ជូនប្រជាជនជាង ៩០ លាននាក់ និងមានប្រតិបត្តិការ​ជាង ១៧២ លានដង ក្នុងរយៈពេលដ៏ខ្លី ហើយនឹងត្រៀមដាក់នៅលើបណ្ណបើកបរនៅក្នុងឆ្នាំ២០២៦។
៤.ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា បានជួយរៀបចំដាក់ឱ្យប្រើថ្នាល verify ជាជំហានដំបូង នៅលើបណ្ណបើកបរ​របស់​​ប្រទេស​ទីម័រឡេស្តេ។
៥. ប្រទេសបង់ក្លាដេស បានស្នើសុំប្រើប្រាស់ថ្នាល verify នៅក្នុងប្រទេសរបស់ខ្លួន ដែលមានប្រជាជនសរុបប្រមាណ ១៧៤ លាននាក់។
៦. ថ្នាល DG SuperApp របស់កម្ពុជា នឹងមានវត្តមានក្នុងដំណើរការបរិវត្តកម្មឌីជីថលក្នុងឆ្នាំ២០២៦។
៧. វត្តមានរបស់ក្រុមហ៊ុន Plug and Play បានធ្វើឱ្យក្តីសង្ឃឹមរបស់អ្នកបច្ចេកវិទ្យា និងយុវជនដែលចាប់អារម្មណ៍លើធុរកិច្ច​ថ្មីឌីជីថល មានការកើនឡើងខ្ពស់ ក្រោយការប្រកាសអំពីបំណងនៃការវិនិយោគលើ Bamnang Academy ដែលជាធុរកិច្ច​ថ្មីឌីជីថលរបស់យុវជនខ្មែរ។ នេះបញ្ជាក់ថា “ខ្មែរអាចធ្វើបាន”។ ឯកឧត្តមសង្ឃឹមថា ជាមួយបទពិសោធរបស់ក្រុមហ៊ុន Plug and Play, Bamnang Academy នឹងមានវត្តមាននៅលើទីផ្សារអន្តរជាតិ ក្នុងពេលឆាប់ៗខាងមុខ។
៨. សួនឌីជីថល (Digital Park) នឹងជំរុញឱ្យមានកំណើនការងារ ប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល (Digital Hub) មួយក្នុងតំបន់។ ក្រសួងប្តេជ្ញានឹងបន្តជំរុញការអភិវឌ្ឍសួនឌីជីថល ឱ្យបានជោគជ័យ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន BYTEDC ក្រុមហ៊ុន CamGSM ក្រុមហ៊ុន HUAWEI Cambodia ក្រុមហ៊ុន MekongNet ក្រុមហ៊ុន Viettel (Cambodia) ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Online និងក្រុមហ៊ុនដៃគូមួយ​ចំនួនទៀត ដែលបានចូលរួមឧបត្ថម្ភក្នុងវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ នេះ ព្រមទាំងបានកោតសរសើរនិងវាយតម្លៃខ្ពស់​ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ​រដ្ឋាភិបាល​ឌីជីថល ដែលបានខិតខំរៀបចំវេទិការរដ្ឋាភិបាលឌីជីថល ឱ្យប្រព្រឹត្តទៅនិងបញ្ចប់ដោយជោគជ័យគួរជាទីមោទនៈ៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner