លោក អនុទីន រងការគំរាមប្តឹងទៅតុលាការធម្មនុញ្ញ
បាងកក ៖ គណបក្សភឿថៃបានគំរាមប្តឹង លោក អនុទីន ទៅតុលាការធម្មនុញ្ញ ហើយនឹងឈានដល់ការដាក់ញត្តិ «មិនទុកចិត្ត» ប្រឆាំងនឹងរដ្ឋាភិបាលមួយនេះ ថែមទៀត។
យោងតាមការចេញផ្សាយ របស់កាសែតថៃ, គណបក្សភឿថៃ កាលពីថ្ងៃអាទិត្យ បានគំរាមដាក់ពាក្យបណ្តឹងក្រមសីលធម៌ ប្រឆាំងនឹងនាយករដ្ឋមន្ត្រី លោក Anutin Charnvirakul និងសមាជិកគណៈរដ្ឋមន្ត្រីជាច្រើននាក់ ទៅកាន់តុលាការធម្មនុញ្ញ មុនពេលដាក់ ញត្តិមិនទុកចិត្ត ប្រឆាំងនឹងរដ្ឋាភិបាលមួយនេះ។
ផ្អែកតាមប្រភព, សមាជិកសភា ក្នុងបញ្ជីគណបក្សភឿថៃ លោក Sutin Klungsaeng បាននិយាយថា គណបក្សនឹងរង់ចាំការពិនិត្យជាលើកទីពីរ លើបណ្តឹងនេះ មុនពេលសម្រេចចិត្ត លើកាលបរិច្ឆេទពិតប្រាកដ ដើម្បីដាក់សំណើពាក្យបណ្តឹង ព្រមជាមួយនឹងញត្តិមិនទុកចិត្ត ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក Anutin ។
ការគំរាម ចាត់វិធានការ ដែលបង្ហាញពីភាពមិនពេញចិត្តចំពោះរដ្ឋាភិបាលដែលមានអាយុ៤ខែ មួយនេះ បានកើតមានឡើង បន្ទាប់ពីលោក អនុទីន នាយករដ្ឋមន្ត្រីថៃ បានរងការរិះគន់ ចំពោះបញ្ហាទឹកជំនន់ និង ការរៀបចំស៊ីហ្គេម។
ជុំវិញទឹកជំនន់ នៅភាគខាងត្បូងប្រទេសថៃ មិនធ្លាប់មាន ក្នុងពេល៣០០ឆ្នាំ រដ្ឋាភិបាល ត្រូវបានគេរិះគន់ថា អន្តរាគមន៍យឺតយ៉ាវ តែ លោក អនុទីន បានប្រកាសសារភាពពីកំហុស ក្នុងការដោះស្រាយ និង បានសុំទោស ជាសាធារណៈ។
ជុំវិញ ស៊ីហ្គេម វិញ, រដ្ឋាភិបាលថៃ បានរងការរិះគន់ ចំពោះការរៀបចំកីឡាប្រចាំតំបន់មួយនេះ មិនបានល្អ ប៉ុន្តែ លោកបានច្រានចោលវិញ ដោយលើកហេតុផលថា ព្រឹត្តិការណ៍នេះ មិនទាន់កើតមានផង ហេតុអ្វីត្រូវចោទថា រៀបចំចាញ់កម្ពុជា៕

ប្រភព ៖ Khaosod, The Nation ប្រែសម្រួល ៖ សារ៉ាត