សម្តេចធិបតី៖ភារកិច្ចចំបង និងចំពោះមុខរបស់រាជរដ្ឋាភិបាល គឺការពារប្រជាជន និងការពារបូរណភាពទឹកដី

ភ្នំពេញ៖ខណៈដែលកងយោធាថៃបានពង្រីកការវាយប្រហារជាលើកទី២ មកលើកងទ័ពកម្ពុជា និងគោលដៅស៊ីវិលនៃ​ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ សម្តេចមហាបវរធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសថា ភារកិច្ចចំបងនិង​ចំពោះមុខរបស់រាជរដ្ឋាភិបាល គឺការពារប្រជាជន និងការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ។

អាន៖លើបណ្ដាញសង្គមផ្លូវការនារសៀលថ្ងៃទី៨ ធ្នូ ឆ្នាំ២០២៥ សម្ដេចធិបតីបានបង្ហោះសារខ្លីដែលមានខ្លឹមសារថា ភារកិច្ចចំបង​និងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺ៖១. ការពារប្រជាជននិង២. ការពារបូរណភាពទឹកដីក្នុងដែន​​អធិបតេយ្យ​ភាពរបស់កម្ពុជា។

សំណេរនេះបានបញ្ចេញបន្ទាប់ពីការបើកការបាញ់ប្រហារមកលើកងកម្លាំង និងប្រជាជនស៊ីវិលនៅទិស​យោធភូមិភាគទី៤ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ចាប់ពីព្រឹកម៉ោង ០៥:០៤នាទី នៅថ្ងៃទី៨ ខែធ្នូ មក យោធាថៃបាន​ពង្រីកការ​វាយប្រហាររបស់ខ្លួនមកខេត្តបន្ទាយមានជ័យ ក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ដោយនៅវេលាម៉ោង ១៣:៣៦នាទី​រសៀល យោធាថៃបានបាញ់ប្រហារមកលើប្រជាជនស៊ីវិលនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ​មានជ័យ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ​មកលើភូមិដ្ឋាន​ជនស៊ីវិលរស់នៅ។

ជាមួយនឹងប្រឌិតព័ត៌មានមិនពិតដោយភាគីទាហានថៃ សកម្មភាពបង្កហេតុដោយការបាញ់ប្រហារមកលើកង​កម្លាំងកម្ពុជា​រំលោភលើសេចក្តីថ្លែងការណ៍ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា ថៃ ក៏បានកើតឡើងតាំងពីរសៀលថ្ងៃ​ទី៧ ខែធ្នូមកម៉្លេះ​នៅចំណុចនៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បន្តមកនៅព្រឹកព្រលឹមភាគីទាហានថៃមានបើកការវាយប្រហារជាច្រើនចំណុចមាន
ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យជាដើម បណ្តាលឱ្យរបួសប្រជាជនស៊ីវិលមួយចំនួន និងឆេះផ្ទះសម្បែង​ប្រជាពលរដ្ឋ​ស្លូតត្រូវអស់ជាច្រើនខ្នង ។ប្រជាជន ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តជម្លៀសរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់សំណេរដោយអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន អជ្ញាធរគ្រប់លំដាក់ថ្នាក់ កងកម្លាំងប្រដាប់​អាវុធ​គ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរទាំងអស់ រួមសាមគ្គីគ្នាដើម្បីបុព្វហេតុជាតិ មាតុភូមិក្នុងដំណាក់កាលដ៏លំបាកនេះ ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner