ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន២.១៩៧គ្រួសារនៃស្រុកព្រៃនប់បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ព្រះសីហនុ៖ ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២.១៩៧គ្រួសារ រស់នៅភូមិចំនួន២៣ ក្នុងឃុំចំនួន៦ នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានទទួលការយកចិត្តទុកដាក់ពីកាកបាទក្រហមកម្ពុជា។

ឯកឧត្តម ម៉ោង ស៊ីណេត អភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានឱ្យដឹងថា ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២.១៩៧គ្រួសារ រស់នៅភូមិចំនួន២៣ ក្នុងឃុំចំនួន៦ នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងនោះមកពីឃុំទឹកថ្លាចំនួន ៧៧៩គ្រួសារ, ឃុំទឹកល្អក់ចំនួន ៦៩៧គ្រួសារ, ឃុំសាមគ្គីចំនួន ៥២៥គ្រួសារ, ឃុំវាលរេញចំនួន ៦៧គ្រួសារ, ឃុំសំរុងចំនួន ៥៦គ្រួសារ និងឃុំជើងគោចំនួន ៧៣គ្រួសារ ។

ក្នុងពិធីចែកជូនអំណោយកាលពីថ្ងៃទី៧ ខែធ្នូ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទ​ក្រហម​កម្ពុជាតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបាននាំនូវព្រះរាជបណ្តាំ​ផ្ញើសួរសុខ​ទុក្ខពីសំណាក់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទ​ក្រហមកម្ពុជា និងការ​ផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិរប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកតា លោកយាយ អ៊ំ ពូ មីង ក្មួយៗ​យុវជន និងអ្នកស្ម័គ្រចិត្តដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខរបស់បង-ប្អូនជនរួមជាតិ​នៅគ្រប់ទីកន្លែង ។

លោកជំទាវបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ស្រុក កងកម្លាំងនគរបាល យោធា និងអាវុធហត្ថ ដែលបានចុះជួយអន្តរាគមន៍ និងសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេល វេលា ដោយពុំមាន​នរណាម្នាក់​បានគ្រោះថ្នាក់ដល់ជីវិត ដែលនេះគឺជាការគិតគូរយកចិត្តទុកដាក់ និងការទទួលខុសត្រូវ ខ្ពស់របស់អាជ្ញាធរខេត្តព្រះសីហនុ ។

ថ្លែងពីវេទិកានេះដែរលោកជំទាវបណ្ឌិត បានជម្រាបជូនលោកយាយលោកតា និងបងប្អូនប្រជាពលរដ្ឋថា លោកជំទាវ នឹងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ (TYDA)ចុះមកខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីផ្តល់​នូវសេវាពិនិត្យសុខភាព និងព្យាបាលជូនដល់បងប្អូនប្រជាពលរដ្ឋ ។

លោកជំទាវបណ្ឌិត ក៏បានគូសបញ្ជាក់ពីការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលើកកម្ពស់​ជីវភាពរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង តាមរយៈការអនុវត្តយ៉ាងសកម្មនូវក្របខណ្ឌគោល នយោបាយជាតិ​គាំពារ​សង្គមជាដើម ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner