លោក Netanyahu មិនឈប់ធ្វើនយោបាយ ទោះមានការលើកលែងទោស

ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ប្រកាសថា លោកនឹងមិនឈប់ប្រឡូកក្នុងឆាកនយោបាយនោះទេ បើទោះជាប្រធានាធិបតីផ្ដល់ការលើកលែងទោសឲ្យលោកក៏ដោយ ។

ការអះអាងរបស់លោក Netanyahu ធ្វើឡើង បន្ទាប់ពីអ្នកនយោបាយបក្សប្រឆាំងបង្ហើបតម្រុយថា ការលើកលែងទោសណាមួយគួរមានលក្ខខណ្ឌលើលោក Netanyahu ឲ្យចូលនិវត្តន៍ពីនយោបាយ មានការរៀបចំបោះឆ្នោតមុនអាណត្តិ និងព្រមទាំងមានករសារភាពទោសកំហុសរបស់លោកជាដើម ។

បើតាមសារព័ត៌មាន CNA, លោក Netanyahu បានស្នើសុំជាផ្លូវការឲ្យលោកប្រធានាធិបតី Isaac Herzog ផ្ដល់ការលើកលែងទោសដល់រូបលោកកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ទាក់ទិនទៅនឹងបទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយចំនួន ៣ ករណី ។

លោក Netanyahu បានបដិសេធចំពោះការចោទប្រកាន់ទាំងនេះ ដោយលើកអំណះអំណាងថា រាល់ការចោទប្រកាន់ទាំងប៉ុន្មានមកលើរូបលោក គឺជាការរៀបចំឡើងដោយគូប្រជែងនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ ។

យោងតាមច្បាប់អ៊ីស្រាអែល ប្រធានាធិបតីមានសិទ្ធិអំណាចក្នុងការលើកលែងទោសដល់នាយករដ្ឋមន្ត្រីដោយផ្អែកលើព័ត៌មាន ឬមតិចាំបាច់ពីអាជ្ញាធរពាក់ព័ន្ធ ដូចជា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឬរដ្ឋមន្ត្រីការពារជាតិជាដើម ។

យ៉ាងណា ជាធម្មតា ការលើកលែងទោស នៅក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានផ្តល់ឲ្យ លុះត្រាតែបញ្ចប់ដំណើរការផ្លូវច្បាប់ ហើយ ជនជាប់ចោទ ត្រូវបានកាត់ទោសរួចរាល់ តែ មិនធ្លាប់មានការលើកលែងទោស នៅពាក់កណ្តាលសវនាការនោះទេ ៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner