ប្រមុខ UN ព្រួយបារម្ភ និងជំរុញឲ្យកម្ពុជា-ថៃអត់ធ្មត់ ហើយវិលទៅរកកិច្ចព្រមព្រៀងសន្តិភាពវិញ

អ.ស.ប ៖ បន្ទាប់ពីថៃចាប់ផ្តើមវាយប្រហារយ៉ាងព្រៃផ្សៃលើកម្ពុជាមុន ទាំងផ្លូវគោក និងអាកាស ដោយមិនខ្វល់ខ្វាយពីអាយុជីវិតជនស៊ីវិលស្លូតត្រង់ និងរំលោភច្បាប់អន្តរជាតិនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបង្ហាញការព្រួយបារម្ភ និង ជំរុញឱ្យភាគីជម្លោះទាំងពីរ កម្ពុជា-ថៃ រក្សាភាពអត់ធ្មត់ និងវិលទៅរកកិច្ចព្រមព្រៀងសន្តិភាពវិញ។

អ្នកនាំពាក្យប្រមុខ UN លោក Stephane Dujarric បាននិយាយកាលពីថ្ងៃចន្ទថា លោក Guterres ព្រួយបារម្ភចំពោះរបាយការណ៍ពីការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាថ្មីរវាងកម្ពុជា-ថៃ ជាពិសេសការវាយប្រហារតាមអាកាស និងការចល័តឧបករណ៍យោធាធុនធ្ងន់នៅតំបន់ព្រំដែន។

បើតាមលោក Dujarric, ជម្លោះព្រំដែនកម្ពុជា-ថៃ បានបណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងរបួសយ៉ាងច្រើន ខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការផ្លាស់ទីលំនៅនៅតាមព្រំដែនទាំងពីរ។ ដូច្នេះលោកប្រមុខ UN ជំរុញឱ្យភាគីជម្លោះទាំងពីរការពារជនស៊ីវិល និងជួយសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌។

យោងតាមអ្នកនាំពាក្យដដែល, លោក Guterres អំពាវនាវឱ្យភាគីទាំងពីរប្រើប្រាស់ឱ្យបានពេញលេញនូវយន្តការទាំងអស់ សម្រាប់ការសន្ទនា ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែងចំពោះជម្លោះ តាមរយៈមធ្យោបាយសន្តិវិធី។

រកត់សម្គាល់ ថៃបានបើកការវាយប្រហារមុនជាលើកទី២មកលើកម្ពុជា ចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃចន្ទ ដោយការបាញ់កាំភ្លើងធំត្រូវបានរាយការណ៍នៅក្នុងតំបន់ជាច្រើន ហើយប្រជាពលរដ្ឋបានប្រញាប់ប្រញាល់ជម្លៀសខ្លួននៅក្នុងខេត្តជាច្រើន រយៈពេលតែជាង២ខែប៉ុណ្ណោះបន្ទាប់ពីប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីប្រកាសសន្តិភាពរួមគ្នានៅទីក្រុងកូឡាឡាំពួ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner