ជប៉ុនប្រកាសអាសន្នរលកយក្សស៊ូណាមិកម្ពស់ ៣ ម៉ែត្រ ក្រោយមានរញ្ជួយដី

តូក្យូ ៖ គ្រោះរញ្ជួយដីកម្រិត ៧.៦ រ៉ិកទ័រ បានញ័រអង្រួនតំបន់ភាគឦសានប្រទេសជប៉ុន កាលពីយប់ថ្ងៃចន្ទម្សិលមិញ ជំរុញឱ្យមានការព្រមាន និងបញ្ជាឱ្យប្រជាជនភៀសខ្លួនរត់គេចពីរលកយក្សស៊ូណាមិ។

ទីភ្នាក់ងារឧតុនិយមជាតិ (JMA) និយាយថា រលកយក្សស៊ូណាមិមានកម្ពស់ដល់ទៅ ៣ ម៉ែត្រ អាចនឹងវាយប្រហារឆ្នេរសមុទ្រភាគឦសានប្រទេសជប៉ុន បន្ទាប់ពីកើតមានការរញ្ជួយដីដ៏កក្រើកនេះនៅឯនាយសមុទ្រ។

សំលេងព្រមានពីរលកយក្សស៊ូណាមិបានបន្លឺឡើងនៅឯប្រជុំកោះហុកកៃដូ អាអូម៉ូរី និងអ៊ីវ៉ាតេ ក្រោយគ្រោះរញ្ជួយដីនេះ វាយប្រហារប៉ែកខាងជើង និងខាងកើតប្រទេសជប៉ុន នៅម៉ោង ១១និង១៥នាទីយប់ថ្ងៃចន្ទ (ម៉ោងក្នុងតំបន់)។

យោងតាមទីភ្នាក់ងារ JMA, ការរញ្ជួយដីនេះ មានចម្ងាយប្រហែល ៨០ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រនៃប្រជុំកោះ អាអូម៉ូរី និងក្នុងជម្រៅដីប្រហែល ៥០ គីឡូម៉ែត្រ។

គ្រោះមហន្តរាយធម្មជាតិនេះដែរ ក៏ធ្វើឱ្យមនុស្សជាច្រើនភ័យរត់ឆ្លេឆ្លាចេញពីផ្ទះសម្បែង ខណៈសេវាកម្មរថភ្លើង Tohoku Shinkansen នៅភាគឦសានប្រទេសជប៉ុនផ្អាកដំណើរការបណ្តោះអាសន្ន។

ប៉ុន្តែជាសំណាងល្អ រញ្ជួយដីនេះមិនប៉ះពាល់ដល់រោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ហ៊ីហ្គាស៊ីដូរី និងអូណាហ្គាវ៉ា ទេ។ គួរកត់សម្គាល់ ប្រទេសជប៉ុនស្ថិតនៅក្នុងតំបន់ខ្សែក្រវាត់រញ្ជួយដី មានប្រភពនៅក្រោមបាតមហាសមុទ្រប៉ាស៊ីហ្វិក ដែលតែងតែបង្កឱ្យមានចលនារញ្ជួយដី និងរលកយក្សស៊ូណាមិ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner