សម្ដេចតេជោ ហ៊ុន សែន ប្រាប់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល
ភ្នំពេញ៖ ក្រោយការអត់ធ្មត់មិនតបតលើសពី ២៤ម៉ោង ក្រោយថៃ បាញ់ប្រហារមកលើទឹកដីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រាប់កងកម្លាំងប្រដាប់អាវុធកម្ពុជាគ្រប់ប្រភេទត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល ។
លើបណ្ដាញសង្គមផ្លូវការនាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានគូសបញ្ជាក់ថា ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាព។
សម្ដេចតេជោបន្តថា ល្ងាចម្សិលមិញ យើងបានតបតបន្ថែមដោយយប់មិញនិងព្រឹកនេះ។តាមនាយករដ្ឋមន្ត្រីថៃអនុធីន បានប្រកាសថានឹងប្រើកម្លាំងវាយយក១១ចំណុចដែលយើងមិនច្បាស់ថា១១ចំណុចនេះនៅកន្លែងណាខ្លះ?ដើម្បីងាយស្រួលកុំឱ្យលំបាករកកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល។យើងការពារទឹកដីយើងដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាចទូលលេណដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។ស្ថានភាពនេះផ្តល់ប្រៀបឱ្យយើង
អនុវត្តយុទ្ធវិធីកម្ទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់។
សម្រាប់មេទ័ពថៃបានប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែង។សម្ដីលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងទ័ពនៅលើពិភពលោកនេះទៅទៀត។
យោងលើការគំរាមនេះ សំណេររបស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងពិតជាមិនអង្គុយអោបដៃឱ្យអស់
លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ។
ដោយឡែកសំដៅទៅលើប្រតិកម្មមួយចំនួនលើការអត់ធ្មត់របស់រាជរដ្ឋាភិបាលកន្លងមក សម្ដេចតេជោក៏បានគូសបញ្ជាក់បន្ថែមថា”ចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សមួយចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដាពួកគេចោទយើងថាល្មោភសង្រ្គាម។ពេលយើងអត់ធ្មត់គោរពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធី គេចោទយើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាព។ពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយតើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត?
កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង៕
ដោយ៖ វណ្ណលុក


