លោក ត្រាំ ជំរុញឲ្យគោរពបទឈប់បាញ់កម្ពុជា-ថៃ
វ៉ាស៊ីងតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខប្រកាសជំរុញឲ្យកម្ពុជា និងថៃ គោរពបទឈប់បាញ់។ ជាការអំពាវនាវ បន្ទាប់ពីកងកម្លាំងយោធាថៃ បើកការបាញ់ប្រហារ មកលើកងកម្លាំងរបស់កម្ពុជា ជាថ្មី តាំងពីថ្ងៃទី៧ ខែធ្នូ រហូតមកដល់ព្រឹកថ្ងៃទី៩ ខែធ្នូ នេះ បើតាមក្រសួងការពារជាតិកម្ពុជា។
យោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNA កាលពីព្រឹកមិញនេះ បានរៀបរាប់ថា «មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយ នៅថ្ងៃចន្ទ ទី៨ ខែធ្នូ ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ រំពឹងថាកម្ពុជា និងថៃ «គោរពទាំងស្រុង» ការប្តេជ្ញាចិត្តបទឈប់បាញ់របស់ពួកគេ បន្ទាប់ពីមានការប៉ះទង្គិចជាថ្មីនៅតាមព្រំដែនដែលមានជម្លោះរបស់ពួកគេ ដែលបានបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួន។ មន្ត្រីរូបនេះបាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “ប្រធានាធិបតី Trump ប្តេជ្ញាបន្ត បញ្ឈប់អំពើហិង្សា ហើយរំពឹងថា រដ្ឋាភិបាលកម្ពុជា និងថៃនឹងគោរពទាំងស្រុង នូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការបញ្ចប់ជម្លោះនេះ»។
ក្រសួងការពារជាតិប្រកាសថា កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត៕
ដោយ ៖ សារ៉ាត
