សម្តេចតេជោ ហ៊ុន សែន៖ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើង ត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះថា ក្រោយការអត់ធ្មត់លើស២៤ម៉ោង ដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាព។សម្តេចតេជោបានបន្តថា ល្ងាចម្សិលមិញយើងបានតបតបន្ថែមដោយយប់មិញ និងព្រឹកនេះ។
តាមនាយករដ្ឋមន្ត្រីថៃអនុធីន បានប្រកាសថានឹងប្រើកម្លាំងវាយយក១១ចំណុចដែលយើងមិនច្បាស់ថា ១១ចំណុចនេះនៅកន្លែងណាខ្លះ? ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល។
យើងការពារទឹកដីយើងដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើង ពួកគេមិនអាចទូលលេណដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។ ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើងអនុវត្តយុទ្ធវិធីកម្ទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់។
សម្រាប់មេទ័ពថៃបានប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែង។ សម្ដីលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធ និងកងទ័ពនៅលើពិភពលោកនេះទៅទៀត។ យើងពិតជាមិនអង្គុយឱបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ។
ចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សមួយចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដា ពួកគេចោទយើងថាល្មោភសង្រ្គាម។ ពេលយើងអត់ធ្មត់គោរពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធី គេចោទយើងថាខ្លាចថៃមិនហ៊ានវាយ ឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាព។ពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយ តើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត? កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង៕
ដោយ៖ពលជ័យ