ហ្វីលីពីន ហាមនាំចូលសាច់ជ្រូកពី តៃវ៉ាន់ និងអេស្ប៉ាញ បារម្ភផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក

ម៉ានីល ៖ ហ្វីលីពីនសម្រេចហាមឃាត់ការនាំចូលសត្វជ្រូក និងផលិតផលសាច់ជ្រូកពីប្រទេសអេស្ប៉ាញ និងកោះតៃវ៉ាន់ជាបណ្តោះអាសន្ន ក្រោយជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) ឆ្លងរាតត្បាតនៅក្នុងទីតាំងទាំងពីរនេះ។

បើតាមក្រសួងកសិកម្មហ្វីលីពីន, ការហាមឃាត់នេះ នឹងអនុវត្តលើសាច់បង្កកដែលនាំចូលមកពីអេស្ប៉ាញ នៅថ្ងៃទី៧ ខែធ្នូ និងនាំចូលមកពីកោះតៃវ៉ាន នៅថ្ងៃទី៨ ខែធ្នូ មិនថាជាជ្រូករស់ ឬផលិតផលផលិតពីសាច់ជ្រូក រួមទាំងទឹកមេជីវិតរបស់ជ្រូកឈ្មោល ដែលប្រើសម្រាប់ការបង្កាត់ពូជសិប្បនិម្មិតក៏ដោយ។

ថ្លែងគាំទ្រវិធានការបន្ទាន់នេះ រដ្ឋមន្ត្រីកសិកម្មហ្វីលីពីន លោក Francisco Tiu Laurel និយាយថា យើងត្រូវតែប្រុងប្រយ័ត្ន និងទប់ស្កាត់ការរាតត្បាតជំងឺប៉េស្តជ្រូកអាហ្វ្រិកថែមទៀត ដើម្បីការពារកុំឱ្យប៉ះពាល់ការប្រកបការងារ និងការវិនិយោគនៅក្នុងប្រទេស។

ការទប់ស្កាត់នាំចូលសាច់ជ្រូកពីអេស្ប៉ាញ ដែលជាប្រទេសផលិតធំបំផុតរបស់អឺរ៉ុប ធ្វើឡើងក្រោយអាជ្ញាធរបសុពេទ្យបញ្ជូនរបាយការណ៍មួយកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ទៅកាន់អង្គការពិភពលោកទទួលបន្ទុកសុខភាពសត្វ អំពីវត្តមានជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្នុងចំណោមជ្រូកព្រៃនៅទីក្រុងបាសេឡូណា។

គួរបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្រ្វិកមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ប៉ុន្តែមានការរីករាលដាលយ៉ាងឆាប់រហ័ស ក្នុងចំណោមជ្រូក និងជ្រូកព្រៃ។ ប្រទេសមួយចំនួនបានកើតមានជំងឺនេះរួចហើយ ដោយសារតែការឆ្លងរាតត្បាតចេញពីអេស្ប៉ាញ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner