យោធាថៃបើការបាញ់ប្រហារលើទីតាំងជនស៊ីវិលរយៈពេល២ថ្ងៃបណ្តាឱ្យប្រជាពលរដ្ឋកម្ពុជា៧នាក់បាត់បង់ជីវិត និងរងរបួស២០នាក់

ភ្នំពេញ៖ក្រោយការវាយប្រហារឈ្លានពានដ៏កម្រោលមកលើអធិបតេយ្យភាពកម្ពុជា និងការវាយប្រហារយ៉ាងឃោរឃៅពីសំណាក់ យោធាថៃទៅលើ ទីតាំងប្រជាជនស៊ីវិល ចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ គិតត្រឹមវេលាម៉ោង ៦ព្រឹកនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ០៧នាក់បាត់បង់ជីវិត និងរបួសចំនួន ២០នាក់។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាបានបញ្ជាក់ឱ្យដឹងនាថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ ២០២៥ថាចាប់តាំងពីវេលាម៉ោង ២០:៣៩នាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់វេលាម៉ោង ០៨:០០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានធ្វើសកម្មភាពបាញ់ផ្លោងយ៉ាងខ្លាំងចូលភូមិជោគជ័យ ភូមិព្រៃចាន់ និងបានបង្ហោះដ្រូនស៊ើបការណ៍ នៅក្នុងភូមិសាស្ត្របឹងត្រកួន និងបានពង្រីកភូមិសាស្ត្រ ចូលបឹងព្រីង, ស្រុកថ្មពួក និងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជាច្រើនប្រភេទ និងបាញ់ផ្សែង។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងដែរថា៖ក្នុងសកម្មភាពបាញ់ប្រហាររបស់យោធាថៃដែលបានផ្លោងចូលមកនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរលើផ្លូវជាតិលេខ៥៦ បាត់បង់ជីវិត ចំនួន ២នាក់ ដោយសារគ្រាប់ផ្លោងរបស់យោធាថៃ។
ដោយឡែកនៅថ្ងៃដដែលនេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា៖យោធាថៃមានគោលដៅបាញ់ប្រហារលើប្រជាពលរដ្ឋ ដែលជាជនស៊ីវិលស្លូតត្រង់។ពួកគេបានបាញ់គ្រាប់ផ្លោងចូលជ្រៅក្នុងភូមិដ្ឋានរបស់ជនស៊ីវិលដែលបង្កការស្លាប់ របួស និងខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើន។
រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឱ្យដឹងថា នៅត្រឹមព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះ ចំនួន ជនស៊ីវិល ដែលបានស្លាប់និងរងរបួសដោយគ្រាប់ផ្លោងរបស់យោធាថៃបាញ់នៅខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ សរុប៖ ជនស៊ីវិលស្លាប់ចំនួន ៧ នាក់ និងរបួសចំនួន ២០ នាក់។
ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់ថា៖ភាគីថៃបានយកជនស៊ីវិលជាមុខសញ្ញា ដោយបានបើកការបាញ់ប្រហារមកលើភូមិដ្ឋានជនស៊ីវិលដូចជាភូមិព្រៃចាន់ ភូមិជោគជ័យ និងតំបន់ផ្សេងៗទៀតដែលមានជនស៊ីវិលរស់នៅ និងកន្លែងខ្លះបានបាញ់ចូលក្នុងភូមិអ្នកស្រុក ២៨ គីឡូម៉ែត្រ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner