ឥណ្ឌូណេស៊ីប្រើដំរីជួយសម្អាតកំទេចកំទី ក្រោយទឹកជំនន់នៅសូម៉ាត្រា
ហ្សាកាតា ៖ ឥណ្ឌូណេស៊ីប្រើសត្វដំរីចំនួន ៤ក្បាល ដែលមកពីមជ្ឈមណ្ឌលហ្វឹកហ្វឺនក្នុងស្រុក ជួយជាកម្លាំងដល់ក្រុមការងារបោសសម្អាតកំទេចកំទីគល់ឈើតូចធំ និងជួយដល់យានជំនិះដែលជាប់គាំងនៅស្រុក Pidie Jaya ខេត្តអាសេ ដែលរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរជាងគេ។
បើតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៊ី (BNPB), មកទល់ពេលនេះ មានមនុស្សស្លាប់ចំនួន ៩៦១នាក់នៅទូទាំងភាគខាងជើង និងភាគខាងលិចកោះស៊ូម៉ាត្រា ខណៈជាង ១លាននាក់ទៀតបង្ខំចិត្តផ្លាស់ទីលំនៅ។
ជាមួយគ្នានេះ ប្រធានទីភ្នាក់ងារអភិរក្សធនធានធម្មជាតិខេត្តអាសេ លោក Hadi Sofyan និយាយថា មូលហេតុដែលយើងប្រើសត្វដំរីជួយជាកម្លាំង ពីព្រោះពួកយើងផ្តោតចម្បងលើការបោសសម្អាតកំទេចកំទីគល់ឈើនៅពីមុខផ្ទះរបស់ប្រជាជន ដើម្បីអនុញ្ញាតឱ្យពួកគេអាចចូលទៅរស់នៅជាធម្មតាវិញបាន។
មិនត្រឹមតែប៉ុណ្ណោះ បើសិនមានរថយន្តណាមួយជាប់គាំង នោះយើងក៏អាចប្រើដំរីដើម្បីជួយបានដែរ ដូច្នេះសត្វមហាយក្សមួយនេះ ពិតជាមានប្រយោជន៍ខ្លាំងណាស។ រីឯលោក Al Atif Musli ជាអ្នកនៅរស់រានមានជីវិតពីទឹកជំនន់ បាននិយាយថា ការនាំយកដំរីមកកាន់ទីនេះ គឺពិតជាអាចជួយដល់ប្រជាជននៃភូមិ Meunasah Bie។
គួរបញ្ជាក់ថា ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Prabowo Subianto បានបញ្ជាទិញឧទ្ធម្ភាគចក្រដល់ទៅ ២០០ គ្រឿងនៅឆ្នាំ ២០២៦ ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារជាតិ និងកែលម្អការត្រៀមខ្លួនទប់ទល់ជាមួយគ្រោះមហន្តរាយធម្មជាតិ។
ឥណ្ឌូណេស៊ី តែងជួបគ្រោះមហន្តរាយធម្មជាតិដូចជាទឹកជំនន់ គ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើង ដោយសារតែប្រទេសនេះ មានសណ្ឋានដីស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក ៕



ប្រភព ៖ AFP និង Anadolu agency ប្រែសម្រួល ៖ ឈឹម ទីណា