សាលារៀនរដ្ឋក្នុងខេត្តចំនួន៥, ស្រុកចំនួន១៣បានបិទទ្វារនិងប៉ះពាល់ដល់សិស្សជាងមួយសែននាក់

ភ្នំពេញ៖ក្រសួងអប់រំយុវជន និង កីឡាបានឱ្យដឹងថាគិតត្រឹមព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២៥ នេះ គ្រឹះស្ថានសិក្សាក្នុង ខេត្តចំនួន៥ ក្រុងស្រុកចំនួន១៣ ត្រូវបានបិទទ្វារ។

ក្រសួងអប់រំបានបញ្ជាក់ថា ការប៉ះពាល់ពីអំពើឈ្លានពានកងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជាយ៉ាងគឃ្លើន និងព្រៃផ្សៃនេះ​ដែរបង្កឱ្យប៉ះពាល់ ដល់គ្រូបង្រៀន ៤ ៦៥០នាក់ សិស្ស ១២៩ ១០៦នាក់។សម្រាប់ខេត្តទាំ៥នេះត្រូវបានគេដឹងថាមានដូចជា៖ឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ បាត់ដំបង និងខេត្តពោធិ៍សាត់។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចផ្អាកដំណើរការបង្រៀន និងរៀន ជាបណ្តោះអាសន្ន ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ក្រោយការវាយប្រហារយ៉ាងខ្លាំងក្លាពីយោធាថៃរួចមក ។

ក្នុងសេចក្តីជូនដំណឹង ក្រសួងអប់រំបានបញ្ជាក់ប្រាប់ដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ថាក្រោយពីមានការឈ្លាន​ពាន​ពីសំណាក់យោធាថៃមកលើព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍​សាត់វេលាម៉ោង ០៥:៣៦នាទីព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ នេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ ក្រសួងបាន​សម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សា ក្នុងឃុំថ្មដាទាំងអស់ផ្អាកដំណើរការជាបណ្តោះអាសន្ន។

សេចក្តីជូនដំណឹងបានបញ្ជាក់ដែរថាសម្រាប់សាលាបឋមសិក្សាថ្មដា សាលាបឋមសិក្សាច១ សាលាបឋមសិក្សាស្ទឹងមេទឹក និងអនុវិទ្យាល័យថ្មដា ផ្អាកដំណើរការបង្រៀន និងរៀនជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីធានា​សុខសុវត្ថិភាពដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ បញ្ចៀសបាននូវគ្រោះថ្នាក់ដែលបណ្តាលមកពីការបាញ់ផ្លោង​កាំភ្លើងធំរបស់ ភាគីថៃមកក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជា៕


ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner