យោធាថៃកាន់តែអសីលធម៌ ដោយបាញ់បំផ្លាញមកលើប្រាសាទតាក្របី

ភ្នំពេញ៖កាន់តែសាហាវយង់ឃ្នងយោធាថៃបានបំផ្លាញប្រាសាទតាក្របី ជាទីគោរពសក្ការៈរបស់កម្ពុជា ខណៈប្រាសាទនេះស្ថិត​នៅកណ្ដាលជម្លោះ ដោយយោធា​ថៃបានព្យាយាមឈ្លានពានកាន់កាប់ម្តងហើយ ម្តងទៀតពុំបានសម្រេច។

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥​ជាមួយរូបភាពវីដេអូដែលបង្ហាញពីការវាយដ៏ក្រពុលមុខពីយោធាថៃលើប្រាសាទ​តាក្របី​របស់ខ្មែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់បំផ្លាញរបស់យោធា
មកលើ​​ប្រាសាទ​តាក្របីជាទីគោរពសក្ការៈរបស់កម្ពុជា។ក្រសួងវប្បធម៌បានចាត់ទុកទង្វើដ៏សាហាវនេះ បង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌​ដែលដូនតាខ្មែរបានកសាងបន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន។

ក្រសួងវប្បធម៌ក៏បានអំពាវនាវដល់គ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ,សហគមន៍អាស៊ាន និង​បណ្តា​ស្ថាប័នពាក់ព័ន្ធ អង្គការសមាគម និងបុគ្គលគ្រប់ៗរូបដែលស្រឡាញ់ការពារបេតិកភណ្ឌមនុស្សជាតិ សូមចូលរួម​ថ្កោលទោស​យ៉ាងខ្លាំងក្លាបំផុត និងជំរុញយោធាថៃឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបំផ្លិចបំផ្លាញនេះ។

កិច្ចអន្តរាគមន៍របស់​សហគមន៍ជាតិនិងអន្តរជាតិ គឺជាភាពចាំបាច់បំផុត ពីព្រោះយោធាថៃ បាននឹងកំពុងបន្តបាញ់ប្រហារ
ដោយមិនញញើតមកលើគ្រប់ទីតាំង មិនថាជាទីតាំងជនស៊ីវិល ឬទីតាំងបេតិកភណ្ឌនោះទេ ជាពិសេស កាលពីថ្ងៃទី៨ ខែធ្នូ
ឆ្នាំ២០២៥ ប្រាសាទព្រះវិហារក៏ទទួលរងការបំផ្លាញ ធ្វើឱ្យអគារអភិរក្សក្រោមកិច្ចសហការអភិរក្សកម្ពុជា-ឥណ្ឌា ត្រូវបាន
ខូចខាតទាំងស្រុង រួមទាំងរចនាសម្ព័ន្ធផ្សេងៗទៀតរបស់ប្រាសាទផងដែរ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងប្រើប្រាស់គ្រប់យន្តការទាំងអស់ទាំងកម្រិតជាតិនិងអន្តរជាតិ ដើម្បីទាមទារឱ្យថៃទទួល​ខុស​ត្រូវលើសកម្មភាពអសីលធម៌ទាំងនេះចំពោះមុខច្បាប់អន្តរជាតិដែលមានជាធរមាន ក៏ដូចជាកត់ត្រាទុកអំពើ
បំផ្លិចបំផ្លាញ​​នេះ​​ក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។

សូមជម្រាបថា ប្រាសាទតាក្របីស្ថិតក្នុងបូរណភាពដែនដីរបស់ប្រទេសកម្ពុជា​ តែបាននៅកណ្ដាលនៃជម្លោះ​កម្ពុជា ថៃ ខណៈ​យោធាថៃបានព្យាយាមដណ្ដើមកាន់កាប់ម្តងហើយម្តងទៀតពុំបានសម្រេចចាប់​តាំងពី​ផ្ទុះ​ជម្លោះលើកដំបូង​ពី​​ថ្ងៃទី២៤ ដល់ទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនិងលើកនេះទៀត។

ប្រាសាទតាក្របី មានទីតាំងស្ថិតនៅលើជួរភ្នំដងរែក ត្រង់ព្រំប្រទល់កម្ពុជា-ថៃ ក្នុងភូមិសែនមនោរម្យ១ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានចម្ងាយប្រមាណ ១២ គីឡូម៉ែត្រភាគខាងកើតប្រាសាទតាមាន់ធំ និងចម្ងាយ​ប្រមាណ ៦ គីឡូម៉ែត្រ ភាគអាគ្នេយ៍ភូមិបាក់ដៃ ខេត្តសុរិន ប្រទេសថៃ។

នៅក្នុងឯកសាររបស់អ្នកស្រាវជ្រាវបារាំង (លោក Etienne Aymonier និងលោក Lunet De Lajonquière) គេកត់ត្រា​ឈ្មោះប្រាសាទនេះថា “ព្រះឥសី” ឬ “ព្រះឫស្សី”។ ប៉ុន្តែ ឈ្មោះដែលអ្នកស្រុកខ្មែរហៅបច្ចុប្បន្នគឺ “តាក្របី” ហើយជនជាតិថៃ​ហៅប្រាសាទនេះថា “តាខ្វាយ” (តាក្របី និងតាខ្វាយ មានន័យដូចគ្នា) ។ យើងមិនមានភស្តុតាងអ្វីដែលអាចពន្យល់អំពីឈ្មោះ “តាក្របី” នេះបានច្បាស់លាស់ឡើយ ប៉ុន្តែ យើងអាចសន្និដ្ឋានថាកាលពីមុនមកនៅទីនេះអាចមានចម្លាក់ព្រះយមគង់នៅលើសត្វ​ក្របីក៏អាចថាបាន។

ប្រាសាទតាក្របី ត្រូវបានសាងសង់ឡើងនៅសតវត្សរ៍ទី១១ ឬសតវត្សរ៍ទី១២ នៅលើជួរភ្នំដងរែក ដែលស្ថិតក្នុងឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។ ប្រាសាទនេះ ត្រូវបានកសាងឡើងពីថ្មភក់ និងថ្មបាយក្រៀម និងមានគោបុរៈបែរទៅ​ទិសទាំងបួន។ ប្រាសាទតាក្របី ឈរនៅក្នុងព្រៃលើភ្នំដងរែកចម្ងាយប្រមាណ ១៣គីឡូម៉ែត្រពីប្រាសាទតាមាន់ធំ។

អ្នកជំនាញយល់ថាប្រាសាទតាក្របី ត្រូវបានសង់ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ ឬព្រះបាទឧទ័យទិត្យវរ្ម័នទី១ នាសតវត្សរ៍ទី១១ ឬទី១២។ ប្រាសាទនេះមិនមានសិលាចារឹកណាមួយរៀបរាប់ពីព្រះមហាក្សត្រសង់នោះឡើយ។ ប្រាសាទនេះស្ថិតនៅលើផ្លូវ​បុរាណពីរាជធានីយសោធរ ទៅកាន់តំបន់ភិមាយ ដែលមានស្ពានបុរាណ មន្ទីរពេទ្យបុរាណ និងប្រាសាទ។

ប្រាសាទតាក្របី មានបដិមាមួយដូចនៅប្រាសាទតាមាន់ធំដែរ។ ចម្លាក់បដិមានេះ ត្រូវបានគេហៅថា «បដិមាធម្មជាតិសម្រាប់» ឬហៅថា «ស្វយម្ភូលិង្គ»។ «ស្វយម្ភូលិង្គ» មានន័យថា ចម្លាក់បដិមាកើតឡើងដោយឯកឯង ដែលថ្មជាប់នឹងផ្ទាំងនៅក្នុងដី។

ភ្ញៀវទេសចរអាចធ្វើដំណើរបានតាមផ្លូវលេខ៥៦ និងលេខ៥៨ ក៏បានដែលមានចម្ងាយប្រមាណ ៥៧គីឡូម៉ែត្រពីក្រុងសំរោង៕

ប្រាសាទតាក្របី ចាប់ផ្តើមមានអ្នកស្គាល់ច្រើនកាលពីជាង១០ឆ្នាំមុន ក្នុងពេលដែលខ្មែរ និងថៃមានការប៉ះទង្គិចផ្នែកយោធា​នៅព្រំដែនតាមបណ្តោយជួរភ្នំដងរែក។ ប៉ុន្តែ បើយើងយោងទៅតាមឯកសាររបស់អ្នកស្រាវជ្រាវជនជាតិបារាំង ប្រាសាទនេះ​ធ្លាប់បានសិក្សាខ្លះៗ និងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌ តាំងពីចុងស.វ.ទី១៩ ដើមស.វ.ទី២០ មកម្ល៉េះ ពោល គឺគ្រាន់តែគេ​បានកត់​ឈ្មោះប្រាសាទ​នេះថា “ព្រះឥសី” ឬ “ព្រះឫស្សី”។ ការរៀបចំប្លង់ប្រាសាទតាក្របី មានលក្ខណៈខុសគ្នាឆ្ងាយពី​ប្រាសាទមួយ​ចំនួនដែលស្ថិតនៅមិនឆ្ងាយពីគ្នា ដូចជា ប្រាសាទតាមាន់ធំ និងប្រាសាទចាន ជាដើម។ ប្រាសាទតាក្របី ជាប្រភេទសំណង់ទោលសាងសង់ឡើងអំពីថ្មភក់ដែលមានរាងបួនជ្រុងស្មើ ហើយភ្ជាប់គ្នាដោយសំណង់គោបុរ (ទ្វារចូល) លយចេញទៅទិសទាំងបួន បង្កើតបានជាប្លង់មួយប្រភេទដែលគេស្គាល់ថា “ប្លង់រាងកាកបាទ” ឬ “ប្លង់រាងខ្វែងជើងក្អែក” មានកម្ពស់ប្រមាណ ២៥ ម៉ែត្រ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner