ក្រសួងសុខាភិបាល និងមន្រ្តីយូអិនឌីភី បញ្ជាក់ពីការរួមគ្នាពង្រឹប្រព័ន្ធ​សុខា​ភិបាលនៅកម្ពុជា

ភ្នំពេញ៖ នៅទីស្តី​ការ​ក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួល​ជួប លោកជំទាវ Kanni Wignaraja អគ្គលេខា​ធិការរងអង្គការសហប្រជាជាតិ និងជានាយក​ប្រ​ចាំ​តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃកម្មវិធីអភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (United Nations Development Programme-UNDP)បានពិភាក្សា​ការងារ និង ចុះហត្ថលេខា លើអនុស្ស​រណៈ​នៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិ​ការ​ពង្រឹប្រព័ន្ធសុខាភិបាលប្រកបដោយបរិយាប័ន្ន និងមានភាព ធន់នៅកម្ពុជា។

ក្នុងពិធីនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឈាង​ រ៉ា បានកោតសរសើរដល់​យូអិនឌីភី​ដែលបានចូលរួមសហការគាំទ្រ​លើ​វិស័យសុខាភិបាល ទាំងផ្នែកបច្ចេកទេស និង​ហិរញ្ញវត្ថុ លើកកម្ពស់សុខុមាលភាព​ប្រជាជន​កម្ពុជា ការពង្រឹងប្រព័ន្ធសុខាភិបាល ការគ្រប់គ្រង​កាកសំណល់វេជ្ជសាស្រ្ត លទ្ធកម្មសម្ភារៈបរិក្ខារ​វេជ្ជ​សាស្ត្រ ក្នុងការ​ឆ្លើយតបជំងឺកូវីដ-១៩ ,កម្មវិធី​សុខភាពបែបរួមបញ្ចូលគ្នា ដែលនឹង​អាចរួម​ចំ​ណែ​ក ក្នុងការ​​សម្រេចបាននូវការគ្របដណ្តប់​សុខភាព​ជាសកល និង​ចូលរួមចំណែកលើការកំណត់អាទិភាព ទិស​ដៅ​របស់ក្រសួងសុខាភិបាល។

ឯកឧត្តមបន្តថា កិច្ចប្រជុំថ្ងៃនេះនិងការចុះហត្ថលេខាលើ​អនុស្ស​រណៈ​នៃការយោគយល់គ្នារវាងក្រសួងសុខាភិ​បាលនិងកម្មវិធីអភិវឌ្ឍន៍អង្គការ​សហ​ប្រជាជាតិ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលដែលមានភាពធន់ និងបរិយាបន្ន គឺជាព្រឹត្តិការណ៍សំខាន់មួយ ដែល​ឆ្លុះ​បញ្ចាំង​ពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការកសាងប្រ​ព័ន្ធ​សុខាភិបាលដែលធន់ មានប្រសិទ្ធភាព និង​ត្រៀម​​ខ្លួនសម្រាប់អនាគតសុខុមាលភាព​ប្រជាជន​កម្ពុជា។

ចំណែកលោកជំទាវ Kanni Wignaraja បញ្ជាក់ថា ស្រប​តាមអនុស្សរណៈ កំណត់ទិសដៅធ្វើទំនើប​កម្ម​វិ​ស័យ​សុខាភិបាល តាមរយៈ​ការធ្វើនវានុវត្តន៍​ឌីជី​ថល និងការរៀបចំប្រព័ន្ធហិរញ្ញប្បទាន​សុខាភិ​បាល​ប្រកបដោយនិរន្តរភាព ដើម្បីបង្កើន​ប្រសិទ្ធ​ភាព គុណភាពនៃការថែទាំសុខភាព រួមចំណែក​ពង្រឹងប្រព័ន្ធ និងសមត្ថភាពស្ថាប័ន ឆ្ពោះទៅរក​ការគ្របដណ្តប់សុខភាពជាសកល៕

អត្ថបទ ៖ ឈឹម សុផល
រូបភាព ៖ ថេត វិចិត្រ និង ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner