គិតត្រឹមម៉ោង ១៨ល្ងាច ពលរដ្ឋ បានភាសសឹកចូលស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព វត្តបាត់ថ្កៅ ខេត្តឧត្តរមានជ័យ ចំនួន ២១០២គ្រួសារ
ឧត្តរមានជ័យ៖ គិតត្រឹមម៉ោង ១៨ល្ងាច ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ បានភាសសឹកចូលមកស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព វត្តបាត់ថ្កៅ ក្នុងខេត្តឧត្តរមានជ័យ ចំនួន ២១០២គ្រួសារ សរុបមនុស្សចំនួន ៧៨៥៣នាក់ ក្នុងនោះស្ត្រីមានផ្ទៃពោះចំនួន ២៧នាក់, ជនពិកា ៤២នាក់ ស្រី ១៦នាក់, កុមារ ១៤៤៦នាក់, ចាស់ជរា ២៨៦នាក់ ។

បើតាមមន្ត្រីប្រចាំការនៃមណ្ឌលសុវត្ថិភាព វត្តបាត់ថ្កៅ បានឱ្យដឹងថា នៅទីតាំងនេះ អាជ្ញាធរបានរៀបចំឱ្យមានប្រព័ន្ធភ្លើង សេវាទូរស័ព្ទ បន្ទប់ទឹក បង្គនអនាម័យ ក៏ដូចជាទឹកស្អាតសម្រាប់ប្រើប្រាស់ផងដែរ ។

គួរបញ្ជាក់ថា តាមរយៈការវាយប្រហារពីសំណាក់កងទ័ពថៃ មកលើកម្ពុជា រយៈពេល៣ថ្ងៃមកនេះពោល គឺចាប់ពីថ្ងៃទី៧ -៨ និងទី៩ ខែ ធ្នូ ឆ្នាំ ២០២៥ បានបណ្តាលឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ស៊ីវិលជាច្រើនកន្លែង ប្រជាពលរដ្ឋខ្មែរស្លាប់ របួស បង្ខំចិត្តជម្លៀស បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម សម្បត្តិវប្បធម៌ បេតិកភណ្ឌមនុស្សជាតិ និងបង្អាក់សេវាសាធារណៈជាមូលដ្ឋាននានាយ៉ាងច្រើន។

បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងអំពើឈ្លានពានពីសំណាក់កងទ័ពថៃនេះ យ៉ាងហោចណាស់មានប្រជាពលរដ្ឋស្លាប់ចំនួន៧នាក់ ក្នុងនោះ១នាក់នៅខេត្តព្រះវិហារ ៣នាក់ នៅខេត្តឧត្តរមានជ័យ និង៣នាក់ទៀតនៅខេត្តបន្ទាយមានជ័យ។ ចំណែកពលរដ្ឋរងរបួសធ្ងន់ និងស្រាលសរុបគិតមកដល់ពេលនេះមានប្រមាណ២០នាក់ ដែលភាគច្រើនកំពុងសង្គ្រោះបន្ទាន់ដោយក្រុមគ្រូពេទ្យខេត្ត និងបញ្ជូនមកសង្គ្រោះបន្តនៅរាជធានីភ្នំពេញ ៕ អត្ថបទ៖ វណ្ណលុក,រូបភាព៖ អ៊ូច ចិត្ត
