នាវាចម្បាំងអាមេរិក ២ គ្រឿងចូលចត នៅវៀតណាម

ហាណូយ ៖ នាវាចម្បាំង ២ គ្រឿងរបស់កងទ័ពជើងទឹកអាមេរិកបានចូលចតនៅកំពង់ផែ Tien Sa ក្នុងទីក្រុង Da Nang ប្រទេសវៀតណាមកាលពីថ្ងៃចន្ទ សម្រាប់ដំណើរទស្សនកិច្ច រយៈពេល ៤ ថ្ងៃ ។

នាវាទាំងពីរគ្រឿងនោះរួមមាន នាវាវាយលុកជំនាន់ថ្មី USS Tripoli និងនាវាចម្បាំងបំពាក់មីស៊ីល USS Robert Smalls ។ នាវាទាំងនេះដឹកនាំដោយលោក Thomas Shultz មេបញ្ជាការកងនាវាចរក្រុមទី ៧ រួមជាមួយមន្ត្រី និងនាវិកជាង ២ ពាន់នាក់ផ្សេងទៀត ។

បើតាម VN Express, ក្នុងអំឡុងពេលចូលចតនេះ លោក Thomas Shultz នឹងចូលជួបជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការប្រជាជនក្រុង Da Nang យោធភូមិភាគទី៥ និងកងទ័ពជើងទឹក ភូមិភាគ ៣ របស់វៀតណាម ។

ប្រភពដដែលបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ មានគោលបំណងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០២៣ និងដើម្បីរំឭកខួបលើកទី ៣០ នៃទំនាក់ទំនងការទូតវៀតណាម-អាមេរិក ។

ជាមួយនឹងសក្ដានុពលដ៏ធំធេង ក្នុងវិស័យទេសចរណ៍ វប្បធម៌ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច រួមជាមួយនឹងបដិសណ្ឋារកិច្ចដ៏ល្បី, ទីក្រុង Da Nang បានត្រៀមខ្លួនជាស្រេច ដើម្បីបម្រើជាស្ពានសម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិជាមួយកងទ័ពជើងទឹកអាមេរិក ៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner