ចិន ប្រាប់ អាល្លឺម៉ង់ ថា ជប៉ុន គំរាមកំហែងផ្នែកយោធាមកលើខ្លួន

ប៉េកាំង ៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានប្រាប់សមភាគីអាល្លឺម៉ង់ថា ប្រទេសជប៉ុនបានគំរាមកំហែងផ្នែកយោធាមកលើខ្លួន ។

ថ្លែងក្នុងជំនួបជាមួយ លោក Johann Wadephul រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់នៅទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ, លោក វ៉ាង យី និយាយថា ឥឡូវនេះ មេដឹកនាំជប៉ុន កំពុងព្យាយាមកេងប្រវ័ញ្ច លើសំណួរជុំវិញកោះតៃវ៉ាន់ តាមរយៈការប្រព្រឹត្តឧក្រិដ្ឋកម្ម រាប់មិនអស់ ប្រឆាំងនឹងប្រជាជនចិន ដើម្បីបង្កបញ្ហា និងគំរាមកំហែងផ្នែកយោធាដល់ប្រទេសចិន ។

លោក វ៉ាង យី បញ្ជាក់ថា ឋានៈរបស់កោះតៃវ៉ាន់ជាទឹកដីរបស់ចិន ត្រូវបានបញ្ជាក់យ៉ាងច្បាស់ និង មិនអាចផ្លាស់ប្តូរបាន ដោយសារតែចិនមានអង្គហេតុប្រវត្តិសាស្ត្រ និងផ្លូវច្បាប់ជាច្រើន ។

បើតាម រយធឺ, ការអះអាងរបស់លោក វ៉ាង យី កើតមានឡើង បន្ទាប់ពីជប៉ុនបញ្ជាក់ថា យន្តហោះចម្បាំងរបស់ចិន បានតម្រង់រ៉ាដាទៅកាន់យន្តហោះយោធាជប៉ុន ដែលជាទង្វើដ៏គ្រោះថ្នាក់ ។

ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ការស្តីបន្ទោសម្ដងហើយម្ដងទៀតទៅកាន់ជប៉ុនវិញចំពោះការបញ្ជូនយន្តហោះទៅកៀកកោះតៃវ៉ាន់ ដែលរំខានដល់កងទ័ពជើងទឹករបស់ប្រទេសចិន ។

ទំនាក់ទំនងចិន និងជប៉ុនបានចាប់ផ្ដើមល្អក់កករកាលពីខែមុន បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ព្រមានថា ប្រទេសជប៉ុនអាចឆ្លើយតបទៅនឹងសកម្មភាពយោធារបស់ចិន ប្រឆាំងនឹងតៃវ៉ាន់ ប្រសិនបើប្រទេសនេះ គំរាមកំហែងដល់សន្តិសុខ របស់ប្រទេសជប៉ុន៕

ប្រភពពី រយធឺ, ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner