ចិន គ្រោងដំណើរការរោងចក្រផលិតផ្កាយរណបធំបំផុតនៅអាស៊ី, ១ ឆ្នាំផលិតបាន ១ ពាន់គ្រឿង
ប៉េកាំង ៖ ប្រទេសចិនគ្រោងនឹងដាក់ដំណើរការរោងចក្រផលិតផ្កាយរណបធំជាងគេបំផុតនៅតំបន់អាស៊ីក្នុងពេលឆាប់ៗនេះ ជាមួយនឹងសមត្ថភាពអាចផលិតផ្កាយរណបចំនួន ១,០០០ គ្រឿងក្នុងមួយឆ្នាំ ។
បើតាមប្រភពពី CGTN, រោងចក្រផលិតផ្កាយរណបនេះមានឈ្មោះ “super factory” និងមានទីតាំងនៅទីក្រុង Wenchang ក្នុងខេត្ត Hainan ភាគខាងត្បូងប្រទេសចិន បង្កើតឡើងក្នុងគោលបំណងគាំទ្រដល់មហិច្ឆតាចង់ក្លាយជាមហាអំណាចនៅទីអវកាសរបស់ប្រទេសចិន ។
ប្រភពដដែលបញ្ជាក់ថា រោងចក្រដ៏ទំនើបនេះ រួមមានមជ្ឈមណ្ឌលផលិតផ្កាយរណបកម្រិតខ្ពស់លំដាប់អន្តរជាតិ, មជ្ឈមណ្ឌលអភិវឌ្ឍន៍អង្គភាពស្នូលចំនួន ៨, មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍រួមបញ្ចូលគ្នារវាងផ្កាយរណប និងរ៉ុក្កែតអន្តរជាតិផងដែរ ។
បើតាម South China Morning Post, វានឹងជួយគាំទ្រដល់ការអនុវត្តផែនការបង្កើតក្រុមតារានិកររាប់ពាន់គ្រឿង សំដៅដល់ផ្កាយរណប និងជំរុញការដាក់ពង្រាយទ្រង់ទ្រាយធំនៅទីអវកាសក្នុងគន្លងទាបពីផែនដី ។
បច្ចុប្បន្ន ប្រទេសចិនកំពុងរៀបចំផែនការអភិវឌ្ឍន៍ជាតិលើកដំបូង សម្រាប់ផ្នែកវិទ្យាសាស្ត្រអវកាសរយៈពេលមធ្យមទៅវែង ដែលបេសកកម្មនេះនឹងចាប់ផ្តើមពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៥០ ។
ផែនការនេះបង្ហាញយ៉ាងច្បាស់ពីមហិច្ឆតារបស់ចិន ក្នុងការក្លាយជាប្រទេសឈានមុខគេផ្នែកវិទ្យាសាស្ត្រអវកាស ដែលនឹងវ៉ាដាច់អាមេរិកនៅឆ្នាំ ២០៥០ ៕
ប្រភព ៖ CGTN Business Enquirer និង South China Morning Post ប្រែសម្រួល ៖ ឈឹម ទីណា