ក្រសួងអប់រំ៖សាលារៀន៥១៤បានបិទទ្វារសិស្សជាង១៣ម៉ឺននាក់មិនបានចូលរៀនដោយសារការឈ្លានពានពីយោធាថៃ
ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថាព្រោះតែការឈ្លានពានពីយោធាថៃមកលើអធិបតេយ្យ និងបូរណភាពកម្ពុជា គិតមកដល់ត្រឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ សាលារៀនចំនួន ៥១៤កន្លែង បានបិទទ្វារ ធ្វើឱ្យប៉ះពាល់ ដល់ការសិក្សារបស់សិស្សប្រមាណ ១៣ម៉ឺននាក់ និងការបំពេញការងាររបស់គ្រូបង្រៀន ៤ ៦៥០នាក់។ក្រសួងអប់រំបានបង្ហាញផលប៉ះពាល់ដែលកើតចេញពីការឈ្លានពានពីយោធាប្រទេសថៃមានដូចជា៖ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទទួលរងផលប៉ះពាល់ទាំងស្រុង ដែលធ្វើឱ្យសាលារៀនចំនួន ៦១ ផ្អាកដំណើរការ និង ប៉ះពាល់ដល់ការសិក្សារបស់សិស្សចំនួន ១៣,៦៦៥នាក់ គ្រូបង្រៀនចំនួន ៤៩៣នាក់។ខេត្តឧត្តរមានជ័យ ទទួលរងផលប៉ះពាល់ទាំងស្រុង ដែលធ្វើឱ្យសាលារៀនចំនួន ២៦០ ផ្អាកដំណើរការ និងប៉ះពាល់ ដល់ការសិក្សារបស់សិស្សចំនួន ៥៥ ៧៣១នាក់ គ្រូបង្រៀនចំនួន ២ ៣៤៤នាក់។ សាលារៀននៅជាប់ព្រំដែនចម្ងាយ ១០ គីឡូម៉ែត្រ មានចំនួន ៣២សាលា ក្នុងនោះមានស្រុកបន្ទាយអំពិលចំនួន ៨ ក្រុងសំរោងចំនួន ១២ ស្រុកអន្លង់វែងចំនួន ៤ និងស្រុកត្រពាំងប្រាសាទចំនួន ៨។
ក្រសួងអប់រំបានឱ្យដឹងដែរថាចំពោះសាលារៀនសរុប ១៨៦ ក្នុងក្រុង ស្រុកចំនួន ៥ ក្នុងខេត្តបន្ទាយមានជ័យ បានផ្អាកដំណើរការ និងប៉ះពាល់ដល់ការ សិក្សារបស់សិស្សចំនួន ៥៨ ៧៥៤នាក់ គ្រូបង្រៀនចំនួន ១ ៧៩០នាក់។

សាលារៀនចំនួន ៥ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានផ្អាកដំណើរការ និងប៉ះពាល់ដល់ការសិក្សារបស់សិស្ស ចំនួន ៨៩១នាក់ គ្រូបង្រៀនចំនួន ២០នាក់។ ក្នុងនោះ វិទ្យាល័យប្រម៉ោយ និងវត្តប្រម៉ោយ ត្រូវបានយកជាទីតាំងស្នាក់នៅ បណ្តោះអាសន្ន របស់ប្រជាពលរដ្ឋដែលភៀសសឹកមកពីឃុំថ្មដា។
ដោយឡែកសាលារៀនចំនួន ២ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង បានផ្អាកដំណើរការ និងប៉ះពាល់ដល់ការសិក្សារបស់សិស្ស ចំនួន ៥៥នាក់ គ្រូបង្រៀនចំនួន ៣នាក់។សាលារៀនក្នុងស្រុកចំនួន ៤ នៅខេត្តបាត់ដំបង ជាប់ព្រំដែនកម្ពុជា-ថៃ រួមមានស្រុកសំឡូត ស្រុកសំពៅលូន ស្រុកកំរៀង និងស្រុកភ្នំព្រឹក ពុំទាន់ផ្អាកដំណើរការនៅឡើយទេ ប៉ុន្តែសិស្សអវត្តមានច្រើន៕ដោយ៖ម៉ាដេប៉ូ

