កូរ៉េខាងត្បូងបញ្ចេញយន្តហោះចម្បាំង បន្ទាប់ពីយន្តហោះយោធារុស្ស៊ី និងចិនហោះឆ្លងដែនអាកាសខ្លួន

សេអ៊ូល ៖ កូរ៉េខាងត្បូងបានបញ្ចេញកងយន្តហោះចម្បាំង ឆ្លើយតបការហោះហើរឆ្លងចូលដែនអាកាសប្រទេសរបស់ខ្លួន ពីសំណាក់កងយន្តហោះយោធារុស្ស៊ីចំនួន ៧គ្រឿង និងយន្តហោះចម្បាំងចិនចំនួន ២គ្រឿង។

CNA ចុះផ្សាយថា យន្តហោះចម្បាំងរុស្ស៊ី និងចិន បានហោះចូលតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសកូរ៉េខាងត្បូង កាលពីវេលាម៉ោងប្រហែល ១០ព្រឹកថ្ងៃអង្គារ៍ (ម៉ោងក្នុងតំបន់)។

ប៉ុន្តែយន្តហោះចម្បាំងទាំងនោះ មិនបានរំលោភដែនអាកាសករ៉េខាងត្បូងទេ ដោយពួកវាគ្រាន់តែហោះចូល និងហោះចេញក្នុងរយៈពេល ១ម៉ោង មុនពេលចាកចេញទៅបាត់ស្រមោល។

បើតាមយោធាកូរ៉េខាងត្បូង, ជាការឆ្លើយតប ទីក្រុងសេអ៊ូលបានដាក់ពង្រាយយន្តហោះចម្បាំង ដើម្បីចាត់វិធានការយុទ្ធសាស្រ្ត និងត្រៀមខ្លួនប្រយុទ្ធ ក្នុងករណីកើតមានភាពតានតឹងណាមួយ។
យ៉ាងណា ក្រសួងការពារជាតិចិននិយាយថា កងយន្តហោះចម្បាំងខ្លួនគ្រាន់តែហោះហើរធម្មតា អំឡុងពេលធ្វើសមយុទ្ធរួមគ្នាជាមួយយោធារុស្ស៊ីប៉ុណ្ណោះ។

នេះមិនមែនជាលើកដំបូងទេ ដោយចាប់តាំងពីឆ្នាំ ២០១៩មក យន្តហោះយោធាចិន និងរុស្ស៊ី តែងតែហោះហើរឆ្លងចូលទៅក្នុងតំបន់ការពារដែនអាកាសកូរ៉េខាងត្បូង ដោយពុំបានជូនដំណឹងជាមុន ក្រោមហេតុផលធ្វើសមយុទ្ធយោធារួមគ្នា។

ដោយឡែកកាលពីខែវិច្ឆិកាឆ្នាំមុន កូរ៉េខាងត្បូងក៏បានបញ្ចេញកងយន្តហោះចម្បាំងដូចគ្នា នៅពេលដែលយន្តហោះយោធាចិន ៥គ្រឿង និងរុស្ស៊ី ៦គ្រឿងបានហោះឆ្លងកាត់តំបន់ការពារដែនអាកាសទីក្រុងសេអ៊ូល៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner