ក្រសួងការបរទេសអាមេរិកបារម្ភពីជម្លោះព្រំដែនកម្ពុជា-ថៃ
វ៉ាស៊ីនតោន ៖ ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានបង្ហាញពីការព្រួយបារម្ភ ជុំវិញការប្រយុទ្ធគ្នា ស្លាប់និងរបួសមនុស្សជាច្រើននាក់ នៅព្រំដែនកម្ពុជា-ថៃ។
តាមរយៈគេហទំព័រផ្លូវការ ដែលបានចេញផ្សាយ អំពីសេចក្តីថ្លែងការណ៍របស់លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីថ្ងៃទី៩ ខែធ្នូ, ក្រសួងបានរៀបរាប់ថា «សហរដ្ឋអាមេរិកមានការព្រួយបារម្ភ ពីការបន្តប្រយុទ្ធគ្នា, ការស្លាប់និងរបួសមនុស្ស នៅច្រើនទីតាំង តាមបណ្តោយព្រំដែនកម្ពុជា-ថៃ»។
ប្រភពបន្តថា «យើងជំរុញយ៉ាងមុតមាំ ឱ្យបញ្ឈប់ជាបន្ទាន់ នូវអរិភាព, ការការពារជនស៊ីវិល និង សូមឲ្យភាគីទាំងសងខាង ត្រឡប់ទៅរកវិធានការបន្ធូរបន្ថយ ដែលមានចែង ក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុង គូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី កម្ពុជា-ថៃ និង ធ្វើជាសាក្សីដោយប្រធានាធិបតី Trump និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim»។
ការបង្ហាញពីភាពព្រួយបារម្ភនេះ បានធ្វើឡើង នៅមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខប្រកាសជំរុញឲ្យកម្ពុជា និងថៃ គោរពបទឈប់បាញ់។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយ កាលពីថ្ងៃចន្ទ ទី៨ ខែធ្នូ ថា លោក ដូណាល់ ត្រាំ រំពឹងថា កម្ពុជា និងថៃ គោរពទាំងស្រុង នូវការប្តេជ្ញាចិត្តបទឈប់បាញ់របស់ប្រទេសទាំងពីរ បន្ទាប់ពីមានការប៉ះទង្គិចជាថ្មី នៅតាមព្រំដែន ដែលបានបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួន។ ប្រធានាធិបតី Trump ប្តេជ្ញាបន្ត បញ្ឈប់អំពើហិង្សា ហើយរំពឹងថា រដ្ឋាភិបាលកម្ពុជា និងថៃ នឹងគោរពទាំងស្រុង នូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការបញ្ចប់ជម្លោះនេះ» នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNA៕
ប្រភពពី ក្រសួងការបរទេសអាមេរិក, CNA ប្រែសម្រួល៖ សារ៉ាត

