សិក្ខាសាលាផ្សព្វផ្សាយស្តីពីកម្រងបទប្បញ្ញត្តិ និងសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ

ភ្នំពេញ ៖ សិក្ខាសាលាមួយត្រូវបានរៀបចំកាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីផ្សព្វផ្សាយកម្រងបទប្បញ្ញត្តិ និងសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយមានការចូលរួមជាអធិបតីពីឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។

ឯកឧត្ដម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានឱ្យដឹងថា កម្រងបទប្បញ្ញត្តិពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺជាឧបករណ៍ការងារគតិយុត្តសម្រាប់ការធ្វើនិយ័តកម្ម ដែលប្រមូលផ្តុំច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្ទាល់នឹងបច្ចេកវិទ្យាហិរញ្ញវត្ថុសរុបប្រមាណ ៣៨០ អត្ថបទ ក្នុងនោះរួមបញ្ចូលទាំងគោលការណ៍ណែនាំដែលមានអានុភាពបង្គាប់បញ្ជា និងណែនាំអនុវត្ត ។

សិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះមានសារៈសំខាន់មិនអាចខ្វះបានសម្រាប់គ្រប់តួអង្គសង្គមពាក់ព័ន្ធក្នុងការទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីស្នាដៃទាំងនេះ តាមរយៈការយល់ដឹង និងការទទួលបានទិន្នន័យ ព័ត៌មាន ឯកសារ និងចំណេះដឹងផ្សេងៗ ព្រមទាំងអាចផ្តល់ធាតុចូលបន្ថែម និងតម្រូវការនានា ក្នុងការធ្វើវិសិដ្ឋកម្មស្នាដៃនេះឱ្យកាន់តែប្រសើរ និងអាចប្រើប្រាស់បានដោយគ្រប់តួអង្គសង្គមពាក់ព័ន្ធ។

សិក្ខាសាលានេះ មានការធ្វើបទបង្ហាញចំនួន៣ គឺ៖
(១)-បទបង្ហាញស្ដីពីកម្រងបទប្បញ្ញត្តិពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ,
(២)-បទបង្ហាញស្ដីពីសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ និង
(៣)-បទបង្ហាញស្ដីពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគាំទ្រការប្រើប្រាស់កម្រង និងសទ្ទានុក្រម ដោយតំណាងមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ និងជាអង្គភាពបរិវត្តកម្មឌីជីថលនៃ អ.ស.ហ. ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ី វ៉ាន់ មានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានាថ្ងៃនេះគឺជាផ្នែកមួយនៃការឆ្លើយតបទៅនឹងបញ្ហាប្រឈម ដែលកើតមានឡើងដោយសារ “និន្នាការបច្ចេកវិទ្យា” និង “និន្នាការឌីជីថល” ជាពិសេសគឺការឆ្លើយតបទៅនឹង “ចលនាការណ៍នៃការធ្វើឌីជីថលភាវូបនីយកម្ម និងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ” ដែលមិនត្រឹមតែផ្តល់កាលានុវត្តភាព និងសក្តានុពលភាពសម្រាប់សេដ្ឋកិច្ចនិងសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវបញ្ហាប្រឈមមួយចំនួនផងដែរ ដែលក្នុងនោះរួមបញ្ចូលនូវជាអាទិ៍ “បច្ចេក-សព្ទបច្ចេកវិទ្យាហិរញ្ញវត្ថុ” ថ្មីៗ មានលក្ខណៈបច្ចេកទេស និងពិបាកយល់។ ឯកឧត្តមបានលើកហេតុ២យ៉ាង គឺ “បច្ចេកសព្ទបច្ចេកវិទ្យា” មានលក្ខណៈពិបាកយល់រួចទៅហើយ ថែមទាំង “បច្ចេកសព្ទហិរញ្ញវត្ថុ” ក៏មានលក្ខណៈពិបាកយល់មួយកម្រិតទៀត ហើយ “ការងារគតិយុត្ត” និង “ការងារនិយ័តកម្ម” វិវឌ្ឍឥតឈប់ឈរ មានលក្ខណៈស្មុគស្មាញ ជាពិសេសច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមានមានលក្ខណៈបែកខ្ញែក និងរប៉ាតរប៉ាយ ពោលគឺមិនមានលក្ខណៈប្រមូលផ្តុំ។ ការណ៍នេះបាននិងកំពុងក្លាយជាឧបសគ្គមួយដល់ការសិក្សា, ការវិភាគ និងការវាយតម្លៃពីតម្រូវការនៃការរៀបចំការធ្វើវិសោធនកម្ម និងការអនុវត្តច្បាប់និងលិខិបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ ។

បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ការរៀបចំសិក្ខាសាលានាថ្ងៃនេះ មានសារៈសំខាន់មិនអាចខ្វះបានក្នុងបុព្វហេតុ(១)-ផ្សព្វផ្សាយដើម្បីជំរុញការយល់ដឹង (២)-ផ្សព្វផ្សាយដើម្បីជំរុញការប្រើប្រាស់ស្នាដៃ “កម្រងបទប្បញ្ញត្តិពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ” និង “សទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ” ដែលជា “វណ្ណកម្មពុទ្ធិ” របស់មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនិងជាអង្គភាពបរិវត្តកម្មឌីជីថលនៃ អ.ស.ហ. និង(៣). ពិគ្រោះយោបល់និងប្រមូលធាតុចូលបន្ថែមពីគ្រប់តួអង្គពាក់ព័ន្ធដើម្បីធានាសង្គតិភាព គុណភាព បូរណភាព និងភាពគ្រប់ជ្រុងជ្រោយនៃការរៀបចំកម្រង និងសទ្ទានុក្រម សំដៅធ្វើឱ្យវណ្ណកម្មពុទ្ធិទាំងនេះ អាចប្រើប្រាស់បានសម្រាប់គ្រប់តួអង្គពាក់ព័ន្ធ និងជាឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ និងបរិវត្តកម្មឌីជីថល ។

ឯកឧត្តម ម៉ី វ៉ាន់ លើកទឹកចិត្តឱ្យអង្គសិក្ខាសាលាយកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញ និងចូលរួមកិច្ចពិភាក្សាឱ្យបានផុសផុល ពិសេសការរៀបចំកម្រងដោយចំណុចជាអាទិ៍៖ (១)-ទិដ្ឋភាពជារួមនៃកម្រង ជាពិសេសទិដ្ឋភាពពាក់ព័ន្ធនឹងវិស័យជំនាញនីមួយៗ, (២)-ស្ថានភាពធរមានប្បញ្ញត្តិនៃច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យជំនាញនីមួយៗ ដែលត្រូវបាននិរាករឬធ្វើវិសោធនកម្ម និង(៣)-ការផ្ដល់នូវអត្ថបទច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ដែលមានកម្មវត្ថុគតិយុត្តពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យជំនាញរបស់សាមីអង្គភាពនីមួយៗ ប៉ុន្តែពុំទាន់បានបញ្ចូលទៅក្នុងកម្រងនេះ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner