ដ្រូនមិនស្គាល់មុខឆ្វែល ពេលយន្តហោះ លោក Zelensky ចុះចតនៅអៀរឡង់

ឌុយប្លាំង ៖ ដ្រូនដែលមិនស្គាល់អត្តសញ្ញាណ ជាច្រើនគ្រឿង ត្រូវបានឃើញហោះឆ្វែល ក្នុងពេលដែលយន្តហោះ របស់លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន បានចុះចត នៅប្រទេសអៀរឡង់។

យោងតាមការចេញផ្សាយ របស់សារព័ត៌មាន BBC កាលពីថ្ងៃពុធ, លោក
Volodymyr Zelensky បានហោះហើរ ទៅកាន់ទីក្រុង Dublin កាលពីសប្តាហ៍មុន សម្រាប់ដំណើរទស្សនកិច្ចផ្លូវការ រយៈពេលមួយថ្ងៃ ជាមួយ ភរិយាគឺលោកស្រី Olena Zelenska។

នៅថ្ងៃនៃដំណើរទស្សនកិច្ចនេះ នាវិកនៅលើកប៉ាល់កងទ័ពជើងទឹកអៀរឡង់ LÉ William Butler Yeats បានប្រទះឃើញយន្តហោះគ្មានមនុស្សបើក ជាច្រើនគ្រឿង ដែលមិនស្គាល់អត្តសញ្ញាណហោះហើរ នៅលើសមុទ្រអៀឡង់ ចំពេលល្បាត។

លោក Martin នាយករដ្ឋមន្ត្រីអៀឡង់ បាននិយាយថា ករណីយន្តហោះគ្មានមនុស្សបើក គឺជាផ្នែកមួយនៃយុទ្ធនាការកូនកាត់ ដែលបំផុសគំនិត ដោយរុស្ស៊ី ហើយ កំពុងបន្តប្រឆាំងនឹងផលប្រយោជន៍អឺរ៉ុប និងអ៊ុយក្រែន។ លោកបានបន្ថែមថា «វាជាឧប្បត្តិហេតុ ដែលគួរឲ្យបារម្ភខ្លាំងណាស់។ ឧប្បត្តិហេតុស្រដៀងគ្នានេះ ក៏បានកើតមាន នៅក្នុងរដ្ឋអឺរ៉ុប ផ្សេងទៀត»។

យ៉ាងណា លោកអះអាងថា
ដ្រូនទាំងនេះ មិនគំរាមកំហែងដល់យន្តហោះ របស់ប្រធានាធិបតី Zelensky ទេ ព្រោះថា យន្តហោះបានចុះចត មុនពេលឧបទ្ទវហេតុនេះ កើតឡើង។ លោក Martin បានបន្ថែមថា ប្រតិបត្តិការសន្តិសុខ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់ប្រធានាធិបតី Zelensky ទៅកាន់ប្រទេសអៀឡង់ មានប្រសិទ្ធភាព។

នាយករដ្ឋមន្ត្រីអៀឡង់ បានបន្ថែមថា ជាការឆ្លើយតប ប្រតិបត្តិការត្រូវបានដាក់ឱ្យដំណើរការ ដោយមេបញ្ជាការ នៃ នាវាកងទ័ពជើងទឹក ជាមួយនឹង ប៉ូលីស និង យោធា៕

ប្រភពពី BBC ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner