អនុប្រមុខការទូត តៃវ៉ាន់ លួចទៅ អ៊ីស្រាអែល ខណៈ ចិន ដាក់សម្ពាធខ្លាំង
តៃប៉ិ ៖ អនុរដ្ឋមន្រ្តីការបរទេសកោះតៃវ៉ាន់ លោក Francois Wu បានលួចហោះទៅអ៊ីស្រាអែលស្ងាត់ៗ ក្នុងគ្រាដែលកោះមួយនេះ កំពុងស្វែងរកកិច្ចសហប្រតិបត្តិការវិស័យការពារជាមួយប្រទេសដទៃ ។ នេះបើតាមប្រភពពី Reuters ។
ប្រភពដដែលបញ្ជាក់ថា លោក Wu បានទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ក្នុងអំឡុងខែធ្នូនេះ ប៉ុន្តែបដិសេធមិនផ្តល់ព័ត៌មាន ថាតើអនុរដ្ឋមន្រ្តីការបរទេសកោះតៃវ៉ាន់ បានជួបជាមួយនរណា ឬរបៀបវារៈអ្វីដែលត្រូវបានពិភាក្សានោះទេ ។
យ៉ាងណា អ្នកវិភាគជឿថា ប្រធានបទសំខាន់សម្រាប់ការពិភាក្សាគ្នានេះ ទំនងជាផ្ដោតលើប្រព័ន្ធមីស៊ីលការពារដែនអាកាសពហុស្រទាប់ថ្មី T-Dome ដែលកោះតៃវ៉ាន់យកគំរូតាមប្រព័ន្ធប្រឆាំងមីស៊ីលរបស់អ៊ីស្រាអែល ។
ព័ត៌មាននេះកើតឡើង បន្ទាប់ពីលោកប្រធានាធិបតីកោះតៃវ៉ាន់ Lai Ching-te បង្ហើបថា រដ្ឋាភិបាលនឹងផលិតប្រព័ន្ធការពារដែនអាកាស “T-Dome” ដើម្បីធ្វើជារបាំងការពារ និងប្រឆាំងទៅនឹងការគំរាមកំហែងរបស់សត្រូវ ជាមួយនឹងការអំពាវនាវឱ្យចិនបោះបង់ចោលនូវបំណងប្រើប្រាស់កងកម្លាំងយោធា ដើម្បីដណ្តើមកាន់កាប់កោះតៃវ៉ាន់ ។
បច្ចុប្បន្ន ប្រព័ន្ធការពារដែនអាកាសដែលកោះតៃវ៉ាន់មានស្រាប់ គឺប្រព័ន្ធមីស៊ីល Patriot ដែលផលិតដោយអាមេរិក និងប្រព័ន្ធមីស៊ីល Sky Bow ផលិតដោយតៃវ៉ាន់ខ្លួនឯងផ្ទាល់តែម្ដង ៕
ប្រភព ៖ The straits times និង Reuters ប្រែសម្រួល ៖ ឈឹម ទីណា
