គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថា នឹងប្តឹងមេទ័ពថៃ២នាក់ ទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ

ភ្នំពេញ៖គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថា នឹងធ្វើការប្តឹងមេទ័ពថៃ២នាក់គឺមេបញ្ជាការភូមិភាគ២ថៃ និង មេបញ្ជាការ ភូមិភាគ១ របស់ថៃ ទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ។

ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាសម្តែង ការព្រួយបារម្ភយ៉ាង​ខ្លាំង និងធ្វើការថ្កោលទោស យ៉ាងដាច់អហង្ការចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃរបស់យោធាថៃ ក្រោមការដឹកនាំរបស់ លោក Weerayuth Raksil មេបញ្ជាការភូមិភាគ២ថៃ និងលោក Worayos Luangsuwan មេបញ្ជាការភូមិភាគ១ថៃ ដោយប្រើប្រាស់អាវុធគ្រប់ប្រភេទ រួមទាំងផ្សែងពុល មកលើទីតាំងភូមិសាស្ត្រ ដែលមានប្រជាជនស៊ីវិលរស់នៅខេត្ត បន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ បាត់ដំបង និងខេត្តព្រះវិហារ ព្រមទាំងការបំផ្លិចបំផ្លាញ ប្រាសាទបុរាណ ដែលជាបេតិកភណ្ឌជាតិនិងពិភពលោក។ គិតត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ជនស៊ី វិលស្លាប់ចំនួន ១០ នាក់ របួស ៥០ នាក់ និងមានជនភៀសសឹកប្រមាណជិត ២០០ ០០០ នាក់។

គណៈកម្មាធិការសិទ្ធមនុស្សបានបញ្ជាក់ថា វាជាទង្វើអមនុស្ស និងយង់ឃ្នងទាំងនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ​លើច្បាប់សិទ្ធិមនុស្ស និងច្បាប់ មនុស្សធម៌អន្តរជាតិ ព្រមទាំងជាបទល្មើសឧក្រិដ្ឋកម្មសង្គ្រាមផងដែរ។គណៈកម្មាធិការ​បញ្ជាក់ថា យោងតាមអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ការវាយប្រហារ ឬគោលដៅនៃការវាយប្រហារចំពោះទីតាំង​ជនស៊ីវិល គឺត្រូវហាមឃាត់ជាដាច់ខាត ហើយការប្រើប្រាស់ផ្សែងពុល គឺជាការរំលោភបំពានអនុសញ្ញាស្តីពីអាវុធគីមី ដែល ប្រទេស​ថៃជាភាគី។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថា នឹងដាក់ញត្តិបន្ទាន់បន្ថែមទៀត លើករណីអំពើព្រៃផ្សៃនិងយង់ឃ្នងរបស់យោធាថៃ លោក Weerayuth Raksil មេបញ្ជាការភូមិភាគ២ថៃ និងលោក Worayos Luangsuwan មេបញ្ជាការ ភូមិភាគ១ថៃ ប្តឹងទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ និង ភាគីពាក់ព័ន្ធដទៃទៀត ឱ្យបើកការស៊ើបអង្កេតដោយឯករាជ្យ ចាត់វិធានការជាបន្ទាន់និងម៉ឺងមាត់ ព្រមទាំង ទាមទារឱ្យមានការទទួលខុសត្រូវ​ចំពោះមុខច្បាប់។ ញត្តិទាំងនេះ គឺជាឯកសារយោងដ៏សំខាន់សម្រាប់ការពិភាក្សា ក្នុងកិច្ចប្រជុំនៃយន្តការសិទ្ធិមនុស្សនានា​របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងយន្តការតាម សន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ អំពីករណីរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរពីភាគីថៃមកលើប្រទេសកម្ពុជា។

គួររម្លឹកថា យោធាថៃបានបើកការបាញ់ប្រហារជាច្រើនលើកច្រើនសាមកលើកងកម្លាំងរបស់ ប្រទេសកម្ពុជា ដោយប្រើ​អាវុធ​​គ្រប់ធុន រួមទាំងយន្តហោះចម្បាំង F-16 និងផ្សែងពុល ដែលជាការ រំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសកិច្ចព្រមព្រៀង បទឈប់បាញ់ និងសេចក្តីថ្លែងការរួមស្តីពីកិច្ចព្រម​ព្រៀងសន្តិភាព​រវាងកម្ពុជានិងថៃ ដែលទើបតែចុះហត្ថលេខា នៅទីក្រុងគូឡាឡាំពួ នៅចំពោះមុខ ប្រធាធិបតីសហរដ្ឋអាមេរិក និង នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner