ក្រសួងការពារជាតិទាមទារឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់នូវរាល់ការវាយទីតាំងប្រវត្តិសាស្រ្តដ៏មានតម្លៃរបស់ខ្មែរ និងបញ្ឈប់សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់
ភ្នំពេញ៖ក្រសួងការពារជាតិបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់វេលាម៉ោង ១២ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះមានពលរដ្ឋខ្មែរស្លូតត្រង់ស្លាប់សរុបចំនួន១១នាក់ក្នុងនោះមានទារកម្នាក់ផងព្រមទាំងអ្នករងរបួសកើនដល់៧៤នាក់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានទាមទារឱ្យយោធាថៃបញ្ឈប់រាល់ទង្វើឈ្លានពានរបស់ខ្លួន បញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ បញ្ឈប់ការវាយប្រហារដោយមិនរើសគោលដៅ ជាពិសេសទៅលើប្រជាជនសេវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បញ្ឈប់ការវាយប្រហារទីតាំងប្រវត្តិសាស្រ្ត ដែលមិនត្រឹមតែជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជាប៉ុណ្ណោះទេ តែជាសម្បត្តិវប្បធម៌របស់មនុស្សជាតិទាំងមូល ,បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតស ប្លែក្លាយជាខ្មៅបន្ទាន់។
អ្នកនាំពាក្យដដែលបញ្ជាក់ថា៖ យោធាថៃ ត្រូវតែបង្ហាញពីភាពស្មោះត្រង់ និងសុឆន្ទៈ ប្រសិនថៃពិតជាស្រឡាញ់សន្តិភាព ពិតប្រាកដមែន ព្រោះសន្តិភាពមិនអាចកើតឡើងតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែង ហើយកងទ័ពថៃ អាចចាប់ផ្តើមជាមួយនឹងការបញ្ឈប់រាល់សកម្មភាពខុសច្បាប់ ជាច្រើនលើដែនអធិបតេយ្យភាពកម្ពុជា។
កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពាន់សេចក្តីថ្លែងការណ៍រួមសន្តិភាពរវាងកម្ពុជា-ថៃ និងសកម្មភាពឧក្រិដ្ឋកម្មខុសច្បាប់របស់ថៃ ម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃ ទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ ទន្ទឹមនេះកម្ពុជាសូមអំពាវនាវឱ្យថៃ បញ្ឈប់រាល់អរិយភាពទាំងឡាយ ដោយដកកងកម្លាំងចេញពីដែនអធិបតេយ្យភាពរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពាន និងការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ នេះបើតាមអ្នកនាំពាក្យបញ្ជាក់។
លោកជំទាវ ម៉ាលី សុជាតា បន្តដោយអំពាវនាវឱ្យថៃ ងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព និងកាតព្វកិច្ចទាំងឡាយស្ថិតក្រោមច្បាប់អន្តរជាតិ ឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុឆន្ទៈពិតប្រាកដ៕
ដោយ៖ម៉ាដេប៉ូ,រូបភាព៖លោក វេង លឹមហួត