ស្តេចថៃ ចេញព្រះរាជក្រឹត្យរំលាយសភា
បាងកក ៖ ព្រះមហាក្សត្រថៃ បានចេញព្រះរាជក្រឹត្យរំលាយសភាចោល ដោយបានបើកផ្លូវ សម្រាប់ការរៀបចំបោះឆ្នោត មុនអាណត្តិ។
យោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃសុក្រនេះ, គេហទំព័ររាជកិច្ចព្រះមហាក្សត្រថៃ Royal Gazette បានជូនដំណឹងថា ព្រះបាទ Maha Vajiralongkorn បានឡាយព្រហស្ថលេខា លើព្រះរាជក្រឹត្យរំលាយសភា ដោយបើកផ្លូវសម្រាប់ការបោះឆ្នោត មុនកាលកំណត់ ក្នុងរយៈពេល ពី៤៥ថ្ងៃ ទៅ ៦០ថ្ងៃ ខាងមុខនេះ។
ដំណឹងនេះ ត្រូវបានប្រកាស បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ថា លោកនឹងផ្តល់អំណាចឲ្យប្រជាជនវិញ តាមរយៈការឈានទៅរំលាយសភា និងជម្រះផ្លូវ សម្រាប់ការបោះឆ្នោត លឿនជាងការរំពឹងទុក ពីមុន។
កាលពីខែកញ្ញា លោក Anutin ធ្លាប់បាននិយាយថា លោកគ្រោងនឹងរំលាយសភា នៅចុងខែមករា ឆ្នាំ២០២៦ ហើយ ការបោះឆ្នោតសកល អាចត្រូវធ្វើឡើង នៅខែមីនា ឬ ដើមខែមេសា ប៉ុន្តែ ការផ្លាស់ប្តូរចុងក្រោយនេះ នឹងបង្កើនល្បឿន ពេលវេលា ដែលបានគ្រោងទុក។
ការរំលាយសភា បានធ្វើឡើង ចំពេលដែលនាយករដ្ឋមន្ត្រីរូបនេះ រងការរិះគន់ជាបន្តបន្ទាប់ ជុំវិញការដឹកនាំប្រទេសជាតិ មានដូចជា ការអន្តរាគមន៍យឺតយ៉ាវ ក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់ និង បញ្ហាស៊ីហ្គេម ចំពេលជម្លោះព្រំដែនជាមួយកម្ពុជាបានផ្ទុះខ្លាំង ឡើងវិញ៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត