អាមេរិក ចាយ ១៤០ លានដុល្លារទិញយន្តហោះទុកនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់

វ៉ាស៊ីនតោន ៖ អាមេរិកត្រៀមចំណាយលុយប្រហែល ១៤០លានដុល្លារ ទិញយន្តហោះចំនួន ៦គ្រឿង ទុកសម្រាប់និរទេសជនភៀសខ្លួន ក្នុងគ្រារដ្ឋាភិបាលកំពុងបង្កើនការបង្ក្រាបលើការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ដែលជាគោលនយោបាយអាទិភាពរបស់លោកប្រធានាធិបតី Donald Trump ។

មូលហេតុចម្បងនៅពីក្រោយការសម្រេចចិត្តនេះ គឺដោយសារតែក្រសួងសន្តិសុខមាតុភូមិអាមេរិក មានគោលបំណងកាត់ផ្តាច់ការពឹងផ្អែកជាយូរមកហើយ ទៅលើការជួលយន្តហោះ ដើម្បីនិរទេសជនអន្តោប្រវេសន៍ ។

បើតាមកាសែត Washington Post, ក្រសួងបានចុះហត្ថលេខាលើកិច្ចសន្យាមានតម្លៃជិត ១៤០លានដុល្លារ ដើម្បីទិញយន្តហោះ Boeing 737 ចំនួន ៦គ្រឿងសម្រាប់គាំទ្រដល់ផែនការនេះ ។

យោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួង, ការទិញយន្តហោះផ្ទាល់ខ្លួននេះនឹងផ្តល់ភាពងាយស្រួលដល់ការធ្វើនិរទេសទ្រង់ទ្រាយធំ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់លោកប្រធានាធិបតី Trump ក្នុងការបញ្ជូនជនបរទេសខុសច្បាប់ចេញពីប្រទេសឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ។

បន្ទាប់ពីវិលមកកាន់អំណាចនៅសេតវិមានវិញកាលពីខែមករាដើមឆ្នាំនេះ លោក Trump បានបង្កើនការអនុវត្តច្បាប់អន្តោប្រវេសន៍ ដោយដាក់ពង្រាយភ្នាក់ងារសហព័ន្ធទៅកាន់ទីក្រុងធំៗ និងរឹតត្បិតយ៉ាងខ្លាំងនូវសិទ្ធិជ្រកកោននៅព្រំដែនអាមេរិក-ម៉ិកស៊ិក ។

តួយ៉ាង នៅថ្ងៃទី២ ខែធ្នូ រដ្ឋបាលលោកបានផ្អាកពាក្យស្នើសុំអន្តោប្រវេសន៍ទាំងអស់ រួមទាំងការផ្ដល់បណ្ណ Green Card និងសញ្ជាតិ សម្រាប់ប្រជាជនមកពី ១៩ប្រទេស ក្រោមហេតុផលព្រួយបារម្ភពីសន្តិសុខជាតិ និងសុវត្ថិភាពសាធារណៈ ក្រោយមានបុរសជនជាតិអាហ្វហ្គានីស្ថានម្នាក់ បានបាញ់សម្លាប់ទាហានឆ្មាំជាតិអាមេរិកម្នាក់ និងម្នាក់ទៀតរងរបួស ៕

ប្រភព ៖ NHK និង AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner