លោក ត្រាំ ថា អាមេរិក គួរតែរក្សាទំនាក់ទំនងល្អជាមួយ ចិន-ជប៉ុន
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ជឿជាក់ថា ប្រទេសរបស់លោកគួរតែមានទំនាក់ទំនងការងារល្អជាមួយប្រទេសចិន ខណៈដែលទីក្រុងវ៉ាស៊ីនតោននៅតែរក្សាសម្ព័ន្ធយ៉ាងរឹងមាំជាមួយជប៉ុន ។ នេះបើតាម NHK ។
នៅពេលត្រូវបានអ្នកកាសែតសាកសួរ ថាតើអាមេរិកព្រួយបារម្ភដែរទេ ក្នុងករណីផ្ទុះជម្លោះយោធារវាងប្រទេសមហាអំណាចនៅអាស៊ីទាំងពីរ? អ្នកនាំពាក្យសេតវិមាន អ្នកនាង Karoline Leavitt បានឆ្លើយតបថា ទីក្រុងវ៉ាស៊ីនតោនគួរតែមានទំនាក់ទំនងល្អ ទាំងជាមួយជប៉ុន និងចិន ។
បើតាមអ្នកនាង Leavitt, លោកប្រធានាធិបតី Trump មានទំនាក់ទំនងដ៏អស្ចារ្យជាមួយលោកស្រីនាយករដ្ឋមន្រ្តី Takaichi ព្រោះជប៉ុនគឺជាសម្ព័ន្ធមិត្តធំបំផុតរបស់អាមេរិក ។ ប៉ុន្តែជាមួយគ្នានេះ លោក Trump ក៏មានទំនាក់ទំនងការងារល្អជាមួយលោកប្រធានាធិបតីចិន Xi Jinping ផងដែរ ។
ការអត្ថាធិប្បាយរបស់អ្នកនាង Leavitt ធ្វើឡើងស្របពេលដែលជម្លោះការទូតរវាងចិន-ជប៉ុនកាន់តែឡើងកំដៅ ផ្តើមចេញពីសន្ទរកថារបស់លោកស្រីនាយករដ្ឋមន្រ្តី Takaichi Sanae ពាក់ព័ន្ធនឹងការបញ្ហាកោះតៃវ៉ាន់ ៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា