កូរ៉េខាងជើងទទួលស្គាល់ថា ទាហានខ្លួនបានបោសសម្អាតមីនឲ្យរុស្ស៊ី
ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយទទួលស្គាល់ថា ទាហានខ្លួនបានបោសសម្អាតមីន ឲ្យរុស្ស៊ី។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ កាលពីថ្ងៃសៅរ៍ ថា នេះគឺជាការទទួលស្គាល់ដ៏កម្រ ដោយទីក្រុងព្យុងយ៉ាង អំពីកិច្ចការដ៏ប្រល័យ ជុំវិញការដាក់ពង្រាយទាហានកូរ៉េខាងជើង ទៅជួយដល់រុស្ស៊ី ដែលកំពុងធ្វើសង្គ្រាម។
បើយោងតាមភ្នាក់ងារចារកម្មកូរ៉េខាងត្បូង និង លោកខាងលិច, កូរ៉េខាងជើងបានបញ្ជូនទាហានរាប់ពាន់នាក់ ទៅគាំទ្រការលុកលុយ ជិត៤ឆ្នាំ របស់រុស្ស៊ី លើអ៊ុយក្រែន។ ក្រុមអ្នកវិភាគនិយាយថា រុស្ស៊ីកំពុងផ្តល់ជំនួយហិរញ្ញវត្ថុ, បច្ចេកវិទ្យាយោធា, ការផ្គត់ផ្គង់ស្បៀងអាហារ និងថាមពលដល់កូរ៉េខាងជើង ជាថ្នូរនឹងការអនុញ្ញាតឱ្យប្រទេសឯកោ ខាងការទូត មួយនេះ ងាកចេញពីទណ្ឌកម្មអន្តរជាតិដ៏តឹងរ៉ឹង លើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។
បើតាមសារព័ត៌មានកណ្តាល KCNA , ជាមួយនឹងការសាទរ ចំពោះការត្រលប់មកវិញ នៃ កងវរសេនាធំ វិស្វកម្ម, លោក Kim បានកត់សម្គាល់ថា «ពួកគេបានសរសេរ សំបុត្រទៅកាន់ស្រុកកំណើត និងភូមិរបស់ពួកគេ នៅពេលសម្រាក ពីការបោសសម្អាតមីន»។ ប្រភព បានរាយការណ៍ថា សមាជិក ៩នាក់ នៃកងវរសេនាធំ បានស្លាប់ ក្នុងអំឡុងពេលនៃការដាក់ពង្រាយ រយៈពេល ១២០ថ្ងៃ ដែលបានចាប់ផ្តើម នៅក្នុងខែសីហា។
លោក Kim បាននិយាយ នៅក្នុងសុន្ទរកថា អំឡុងពិធីស្វាគមន៍មួយ កាលពីថ្ងៃសុក្រថា
លោកបានផ្តល់កិត្តិយសកម្រិតរដ្ឋ តាមរយៈភាពក្លាហានរបស់ពួកគេ។ លោក Kim បាននិយាយថា «អ្នកទាំងអស់គ្នា ទាំងមន្ត្រី និង ទាហាន បានបង្ហាញនូវវីរភាពដ៏ធំ ក្នុងការយកឈ្នះ លើបន្ទុកផ្លូវចិត្ត និងរាងកាយ ដែលមិនអាចនឹកស្មានដល់ ស្ទើរតែរាល់ថ្ងៃ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត