ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកទឹកចិត្តនិស្សិតជ័យលាភីអាហារូបករណ៍យកចំណេះដឹងមកអភិវឌ្ឍន៍ប្រទេសជាតិ
(ភ្នំពេញ)៖ ចំណេះវិជ្ជា និងបទពិសោធន៍ពីបណ្តាប្រទេសជឿនលឿនពិតសំខាន់ណាស់សម្រាប់ពេលវេលាដ៏អំណោយផលបែបនេះ។ ការសិក្សាស្រាវជ្រាវចំណេះដឹងថ្មីៗ និងស្វែងយល់ពីការវិវត្តនៃពិភពលោកជារឿងមិនអាចខ្វះបានគ្រប់សម័យកាល ដើម្បីពង្រីកចំណេះដឹង អភិវឌ្ឍខ្លួនឯង និងចូលចរួមអភិវឌ្ឍប្រទេសជាតិ។ នេះជាពាក្យពេចន៍ផ្តាំផ្ញើរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ និងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងនាមជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ឯកឧត្តម សាយ សំអាល់ បានអបអសាទរ និងលើកឡើងថា នេះគឺជាជោគជ័យមួយដ៏ធំធេងសម្រាប់យុវជនទាំងអស់ នៅក្នុងឆាកជីវិតរបស់ខ្លួនម្នាក់ៗ ហើយក៏ជាឱកាសដ៏កម្រក្នុងការស្គាល់ខ្លួនឯងឱ្យបានច្បាស់ផងដែរ។
ស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងការឈ្លានពានពីយោធាថៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឆ្លៀតឱកាសនេះ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវក្រោកឈររឹងប៉ឹងឡើង សាមគ្គីគ្នាជាធ្លុងមួយ ខិតខំប្រឹងប្រែងតាមតួនាទីភារកិច្ចរៀងៗខ្លួន ដើម្បីជួយប្រទេសជាតិ យកឈ្នះមហិច្ឆិតាឈ្លានពានរបស់សត្រូវ និងរុញសេដ្ឋកិច្ចជាតិឱ្យមានដំណើរការល្អប្រសើរ។ មិនតែប៉ុណ្ណោះ សិស្សនិស្សិតទាំងអស់ ដែលត្រូវទៅបន្តការសិក្សានៅក្រៅប្រទេសនាពេលនេះ ត្រូវខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវចំណេះដឹងថ្មីៗ និងស្វែងយល់ពីការវិវត្តនៃពិភពលោក ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ។
ឯកឧត្តមបន្តថា បច្ចុប្បន្នក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង ត្រូវចាប់ផ្ដើមផ្លាស់ប្ដូរផ្នត់គំនិតខ្លួនឯងពីការរៀបចំដែនដីការគូរប្លង់ស្អាត មកជាការរៀបចំទីក្រុង ទីប្រជុំជនដែលមានជីវិតរស់រវើក ដើម្បីបង្កើនគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជីវភាពរស់នៅសមរម្យ មានការងារធ្វើ មានប្រាក់ចំណូល មានប្រាក់សន្សំ និងមានពេលសម្រាកលំហែ។
សូមបញ្ជាក់ថា ចំពោះកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ឆ្នាំ២០២៥នេះ ប្រតិភូយុវជនកម្ពុជានឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ហើយនឹងបញ្ចប់កម្មវិធីនៅប្រទេសសឹង្ហបុរី ដោយត្រូវហោះហើរត្រង់វិលត្រឡប់មកកម្ពុជាវិញនាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ ។
យុវជនដែលត្រូវចូលរួមក្នុងកម្មវិធីនេះមាន ១៦រូប ក្នុងនោះស្រី ៨រូប ដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងនៅក្នុងកម្មវិធីរបស់អគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្ហាញពីសក្តានុពលរបស់យុវជនកម្ពុជានៅក្នុងឆាកអន្តរជាតិ ៕
អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ









