យោធា ថៃ នៅតែ បន្ត ការបាញ់ប្រហារ និង គម្រាមកំហែងមកលើអធិបតេយ្យភាពកម្ពុជានៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៥នេះ
ភ្នំពេញ៖គិតត្រឹមព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ យោធា ឈ្លានពានថៃ នៅតែ បន្តគម្រាមកំហែងមកលើដែនអធិបតេយ្យមួយចំនួន ដោយពួកគេនៅតែបន្តបាញ់ប្រហារចូលមកតំបន់ខ្លះក្នុងទឹកដីរបស់កម្ពុជា។អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា ថ្ងៃនេះគឺជាថ្ងៃទី៨ហើយនៃសកម្មភាពឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យភាពកម្ពុជា ដោយភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រម ព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅ។ក្នុងនោះនៅទិសប្រាសាទព្រះវិហារយោធាថៃបានបាញ់កាំភ្លើងធំ គ្រាប់បែកចង្កោម រួមទាំងផ្សែងពុលផងដែរ ខណៈតំបន់ដែលធ្លាប់វាយប្រយុទ្ធគ្នានៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះបានស្ងប់ស្ងាត់ តែខាងកងទ័ពកម្ពុជានៅតែបន្តរក្សាការប្រុងប្រយ័ត្នជាប់ខ្ពស់ជានិច្ច នៅក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន។ដោយឡែកនៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តភូមិឯកភាព ឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៨:១៥នាទី ព្រឹក យោធាថៃបានប្រើប្រាស់ F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រច១។ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិ បានទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវការបាញ់ប្រហារ និងការសម្លាប់ប្រជាជនកម្ពុជាតាមរយៈការបាញ់ប្រហារដោយមិនរើសគោលដៅ ការប្រើប្រាស់យន្តហោះចម្បាំងហោះចូលមកក្នុងទឹកដីកម្ពុជា ដែលវាមិនត្រឹមតែជាការរំលោភបំពានដ៏ធ្ងន់ធ្ងរមកលើដែនអធិបតេយ្យភាព និងបូរនភាពទឹកដីរបស់កម្ពុជា រួមនឹងច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថៃថែមទាំងបានបាញ់ផ្លោង ទម្លាក់គ្រាប់បែក និងគ្រាប់បែកចង្កោម ដោយមិនរើសអើង និងមិនសមាមាត្របានបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជាថែមទៀតផង ខណៈដែលហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ប្រាសាទបុរាណ សាលារៀន មន្ទីរពេទ្យ និងអ្វីៗផ្សេងៗទៀតជាច្រើនបានរងនូវ ការបំផ្លិចបំផ្លាញដោយឃោរឃៅពីសំណាក់កងយោធាថៃ៕ដោយ៖ម៉ាដេប៉ូ
