កម្ពុជា-ចិនសន្យាបន្ដឈរជាមួយគ្នាគ្រប់កាលៈទេសៈ

ពិធីបើកវេទិកាផ្លាស់ប្ដូរមិត្តភាពកម្ពុជា-ចិន “ផ្លូវសូត្រផ្សារភ្ជាប់ប្រជាជន និងប្រជាជន” ឆ្នាំ២០២៥ បានប្រព្រឹត្តិទៅនៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន សហគ្រិន អ្នកវិនិយោគ និស្សិត រួមទាំងតំណាងស្ថាប័នរដ្ឋ និងឯកជនជាច្រើនរូប នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ។ វេទិការលើកទី២នេះរៀបចំឡើងដោយផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ដោយសហការជាមួយមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ ក្រោមប្រធានបទ «មិត្តភាពដ៏រឹងមាំគ្រប់រដូវកាល ផ្សារភ្ជាប់បេះដូងប្រជាជន និងប្រជាជន» ។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាន៍ថា កម្ពុជា-ចិនបន្ដឈរជាមួយគ្នាគ្រប់កាលៈទេសៈ និងធ្វើការយ៉ាងជិតស្និតជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្ដិការ និងពង្រឹងឯករាជ្យភាព និងកិត្យានុភាពរបស់ខ្លួន នៅលើឆាកតំបន់ និងអន្ដរជាតិ។ ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីបានថ្លែងអំណរគុណចំពោះការគាំទ្រ និងការចូលរួមរបស់ប្រទេសចិនក្នុងការរួមចំណែកសម្របសម្រួលដល់ជម្លោះព្រំដែនកម្ពុជា-ថៃនាពេលកន្លងមក។ តែជាអកុសលនាពេលថ្មីៗនេះ ស្ថានការណ៍បានវិវត្ដទៅជាអាក្រក់សារជាថ្មី ប៉ុន្តែឯកឧត្តមជឿជាក់ថា សហគមន៍អន្ដរជាតិ ពិសេសមិត្ដចិន នឹងបន្ដចូលរួមជួយរកដំណោះស្រាយ ហើយភាគីទាំង២នឹងវិលទៅរកការអនុវត្តកិច្ចព្រមព្រៀងសន្ដិភាព និងកាតព្វកិច្ចទាំងឡាយ ក្រោមច្បាប់អន្ដរជាតិ ឲ្យបានម៉ឺងម៉ាត់ និងស្មោះត្រង់។

នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជាអនុប្រធានក្រុមប្រឹក្សាភិបាលផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន បានលើកឡើងពីសារសំខាន់នៃវេទិកាផ្លាស់ប្ដូរមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៥ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេសការផ្លាស់ប្តូរវប្បធម៌រវាងយុវជន។ ជំនួបនេះក៏ជាឱកាសស្វែងរកធុរកិច្ចរវាងសហគ្រិនវ័យក្មេងនៃប្រទេសទាំងពីរ សំដៅចូលរួមជាមួយរដ្ឋាភិបាល ដើម្បីសម្រេចបាននូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគ្គសម័យថ្មី។

ឯកឧត្តមក៏បានលើកឡើងអំពីចំណងមិត្តភាពរវាងកម្ពុជា-ចិន ដែលត្រូវបានបន្តពូនជ្រំយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរ និងក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបកម្ពុជា-ចិន ការពង្រឹងនិងធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសទាំងពីរ។

ឯកឧត្ដម សុខ សូកេន បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងក្រុមការងារនៃផ្ទះយុវជនទាំងអស់ក្នុងការចូលរួមកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី និងការអនុវត្តយន្តការកិច្ចសហប្រតិបត្តិការនានា ដូចជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ច្រករបៀងមច្ឆានិងអង្ករ ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យាជាដើម។

ម៉្យាងទៀត ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអធិការកិច្ចបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិនចំពោះការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរជាដើម ហើយបានលើកយកសុភាសិតចិនចំនួនពីរឃ្លាមកឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អជ្រាលជ្រៅនេះ គឺ “ផ្លូវឆ្ងាយទើបដឹងកំលាំងសេះ ការប្រាស្រ័យទាក់ទងគ្នាយូរទើបយល់ពីចិត្តមនុស្ស” និង “ដំណើរតែឯងលឿន ប៉ុន្តែដំណើររួមគ្នាទើបបានឆ្ងាយ”៕

ដោយ៖ ម៉ាដេប៉ូ និងហេង វណ្ណា
រូបភាព៖ លោក វ៉េង លឹមហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner