ប្រេស៊ីលឈរជាមួយកម្ពុជាក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំនៅកម្ពុជាបានចូលរួមសោកស្តាយចំពោះការបាត់បង់អាយុ ជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។
ទន្ទឹមនេះក៏បានបញ្ជាក់ផងដែរថា ប្រេស៊ីលឈរជាមួយកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះព្រំដែន កម្ពុជា-ថៃដោយសន្តិវិធី ។

កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥លោកជំទាវឯកអគ្គរដ្ឋទូតនៃ សា ធារណរដ្ឋសហព័ន្ធប្រេស៊ីលដំបូងគេ បានអញ្ជើញជួបសម្តែង ការគួរសម និងពិភ្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៅវិមានរដ្ឋសភា។

ក្នុងសវនាការលោកជំទាវឯកអគ្គរដ្ឋទូតប្រេស៊ីលបានជម្រាបសម្ដេចប្រធានរដ្ឋសភាកម្ពុជាថា ក្នុងពេលកម្ពុជាប្រឈមនឹងការលំបាកនេះ ប្រេស៊ីលឈរជាមួយកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។ លោកជំទាវ បន្ថែមថា ប្រទេសទំាងពីរកម្ពុជា ថៃ មិនអាចលើកប្រទេសចេញពី ព្រំដែនជាប់គ្នាបានទេ។ ដូច្នេះដើម្បីបញ្ចប់ជម្លោះមានតែការចចារដោយសន្តិវិធីដោយគោរពច្បាប់អន្តរជាតិ តែប៉ុណ្ណោះ ។
ត្រឡប់មកនិយាយអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ប្រេស៊ីល កម្ពុជាវិញលោកជំទាវឯកអគ្គរដ្ឋទូតបញ្ជាក់ថា ក្នុងបេសកកម្មការទូតនៅកម្ពុជាលោកជំទាវនឹងជំរុញនូវទំនាក់ទំនងទ្វេភាគីរវាង ប្រទេសទំាងពីរឱ្យមានភាពល្អប្រសើរកាន់តែខ្លាំងឡើងបន្ថែមទៀតទំាងការងារកាទូតសភា ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ សមភាពយេនឌ័រ និងកីឡាជាដើម។

តបទៅកាន់ភ្ញៀវសម្ដេចរដ្ឋសភាធិបតី ឃួន សុដារី គូសរំលេចថា ការពង្រឹងការទូត ទោះទ្វេភាគីក្តី ពហុភាគីក្តី ដើរតួនាទីសំខាន់នៅក្នុងការ លើកកម្ពស់ប្រព័ន្ធពហុភាគីនិយមឱ្យល្អប្រសើរឡើងវិញ។ ប្រេស៊ីលជាច្រកសំខាន់នៅក្នុងការភ្ជាប់ទំនាក់ទំនងទ្វីបអាស៊ី និងអាមេរិកឡាទីន។ កម្ពុជាគំាទ្រចំពោះការចូលរួមរបស់ប្រេស៊ីលជា ដៃគូរបស់អាស៊ាន។
ទាក់ទងនឹងជម្លោះឈ្លានពានរបស់ថៃមកលើអធិបតេយ្យកម្ពុជាវិញ សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ប្រទេសប្រេស៊ីល ដែលបានចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភនិងជំរុញប្រទេស ទំាងពីរ កម្ពុជា-ថៃ គោរពកិច្ចព្រមព្រៀងសន្តិភាព។ ការឈ្លានពាន របស់ប្រទេសថៃ មកលើប្រទេសកម្ពុជានៅក្នុងរយៈពេលចុង ក្រោយនេះ មានសភាពឃោរឃៅ និងព្រៃផ្សៃបំផុត៕
អត្ថបទ ៖ ឈឹម សុផល
រូបភាព ៖ ថេត វិចិត្រ និង ហេង សម្បត្តិ
