អ៊ុយក្រែនប្រើដ្រូនក្រោមទឹកបុកបំផ្ទុះនាវាមុជទឹករុស្ស៊ីលើកដំបូង
កៀវ ៖ យោធាអ៊ុយក្រែនបានប្រើយានដ្រូនក្រោមទឹកទៅបុកបំផ្ទុះកម្ទេចនាវាមុជទឹកមួយគ្រឿងរបស់រុស្ស៊ីជាលើកដំបូងដោយជោគជ័យ ដែលកំពុងចតនៅកំពង់ផែ Novorossiysk ក្នុងដែនទឹកសមុទ្រខ្មៅ ។ នេះបើតាម AFP ចុះផ្សាយនៅថ្ងៃអង្គារ ។
សេវាសន្តិសុខអ៊ុយក្រែន ហៅកាត់ SBU បានបង្ហោះសារលើបណ្តាញសង្គមតេលេក្រាមថា កងកម្លាំងខ្លួនបានធ្វើប្រតិបត្តិការពិសេសមួយទៀត នោះគឺការវាយប្រហារតាមសមុទ្រនៅកំពង់ផែ Novorossiysk ។
សេវាសន្តិសុខ SBU បន្ថែមថា នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលអ៊ុយក្រែនប្រើប្រាស់យានគ្មានមនុស្សបើកក្រោមទឹក ឬដ្រូន Sub Sea Baby ហែលបុកបំផ្ទុះនាវាមុជទឹករុស្ស៊ីមួយគ្រឿងដោយជោគជ័យ ។
បើតាមសេវាសន្តិសុខ SBU, នាវាមុជទឹករុស្ស៊ីនោះ មានផ្ទុកមីស៊ីលបញ្ជាទិស Kalibr ចំនួន ៤គ្រាប់ ដែលប្រើសម្រាប់វាយប្រហារចេញពីសមុទ្រប្រឆាំងនឹងអ៊ុយក្រែន ។ ក្រោយរងការវាយប្រហារ នាវាមុជទឹកនោះបានរងការខូចខាតធ្ងន់ធ្ងរ ហើយត្រូវបានបញ្ឈប់សកម្មភាពភ្លាមៗ ។
ចាប់តាំងពីរុស្ស៊ីចូលលុកលុយពេញទំហឹងក្នុងខែកុម្ភៈ ឆ្នាំ២០២២ អ៊ុយក្រែនបានវាយប្រហារលើនាវារុស្ស៊ីម្តងហើយម្តងទៀតនៅសមុទ្រខ្មៅ ដោយប្រើប្រាស់យានគ្មានមនុស្សបើក និងមីស៊ីល ។
បច្ចុប្បន្ន កងកម្លាំងរបស់រុស្ស៊គ្រប់គ្រងប្រហែល ២០ភាគរយនៃទឹកដីរបស់អ៊ុយក្រែនក្នុងឆ្នាំ២០២៥នេះ ក្នុងនោះរាប់ទាំងដែនដីតំបន់គ្រីមៀរ ដែលរុស្ស៊ីឱបក្រសោបបានពីអ៊ុយក្រែន ដោយមិនបាច់ផ្ទុះសង្គ្រាមនៅឆ្នាំ២០១៤ ។ នេះបើតាម Aljazeera ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា