អាមេរិក បញ្ចេញមីស៊ីលលឿនជាងសំឡេង ៥ ដង វាយលុកគោលដៅចម្ងាយ ៣,៥០០ គីឡូម៉ែត្រ ត្រឹម ២០ នាទី
វ៉ាស៊ីនតោន ៖ វិស័យយោធារបស់អាមេរិក ដែលជាមហាអំណាចលេខ ១ របស់ពិភពលោក កាន់តែរីកចម្រើនថែមមួយកម្រិតទៀត បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបញ្ចេញមីស៊ីលរយៈចម្ងាយឆ្ងាយ និងមានល្បឿនលឿនជាងសំឡេង ៥ ។
បើតាម Interesting Engineering, មីស៊ីលនេះមានឈ្មោះថា Dark Eagle ឬឥន្ទ្រីខ្មៅ ។ វាអាចបាញ់ចេញពីដីគោក ជាមួយនឹងសមត្ថភាពវាយប្រហារគោលដៅក្នុងរយៈចម្ងាយរហូតដល់ ៣,៥០០ គីឡូម៉ែត្រ ដោយចាយពេលត្រឹមតែ ២០ នាទីប៉ុណ្ណោះ ។
ដោយសារតែមានល្បឿនលឿនជាងសំលេង និងងាយស្រួលបត់បែននេះហើយ ទើបមីស៊ីល Dark Eagle អាចនឹងធ្វើឲ្យប្រព័ន្ធស្ទាក់ចាប់មីស៊ីលដ៏ទំនើប និងប្រព័ន្ធប្រឆាំងមីស៊ីល ពិបាកក្នុងការបាញ់ទម្លាក់ និងស្ទាក់ចាប់ ។
បើតាម C-SPAN និង The War Zone, មីស៊ីល Dark Eagle អាចមានសមត្ថភាពវាយប្រហារដល់ប្រទេសចិន បើសិនបាញ់ចេញពីកោះ Guam ហើយបាញ់ដល់ទីក្រុងមូស្គូ របស់ប្រទេសរុស្ស៊ី ក្នុងករណីបាញ់ចេញពីភាគខាងលិចអឺរ៉ុប ឬហោះដល់ទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ ប្រសិនបើបាញ់ចេញពីតំបន់ឈូងសមុទ្រ ។
អ្នកវិភាគយោធានិយាយថា អាវុធមានល្បឿនលឿនជាងសំលេង អាចនឹងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារតែកម្លាំងបំផ្លិចបំផ្លាញដ៏ខ្លាំងក្លា បើទោះបីជាពួកវាត្រូវបានគេបំពាក់ត្រឹមក្បាលគ្រាប់តូចៗក៏ដោយ ។
តាមការរំពឹងទុក មីស៊ីល Dark Eagle នឹងក្លាយជាអាវុធមានល្បឿនលឿនជាងសំលេងដំបូងគេ ដែលយោធាអាមេរិកគ្រោងដាក់ពង្រាយសម្រាប់កងទ័ពនៅលើសមរភូមិជួរមុខ ដើម្បីប្រយុទ្ធនឹងសត្រូវក្នុងពេលអនាគត ៕
ប្រភព ៖ interesting engineering ប្រែសម្រួល ៖ ឈឹម ទីណា
