វេណេស៊ុយអេឡាចោទអាមេរិក លួចនាវាដឹកប្រេង

ការ៉ាកាស ៖ ប្រទេស វេណេស៊ុយអេឡា បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានលួចនាវាដឹកប្រេងរបស់ខ្លួន ហើយ ជំរុញឲ្យអង្គការសហប្រជាជាតិ ហៅកាត់ UN ថ្កោលទោស។

ការថ្កោលទោស ចំពោះមុខក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ជុំវិញរឿងនេះ បានកើតមានឡើង ចំពេលប្រតិបត្តិការប្រឆាំងគ្រឿងញៀនរបស់អាមេរិក នៅតំបន់ការ៉ាប៊ីន កំពុងដាក់សម្ពាធ លើរដ្ឋាភិបាលទីក្រុងការ៉ាកាស។

លោក Samuel Moncada តំណាងអចិន្ត្រៃយ៍ នៃ ប្រទេសវេណេហ្ស៊ុយអេឡា ប្រចាំអង្គការសហប្រជាជាតិ បានរៀបរាប់ថា «វេណេហ្ស៊ុយអេឡា ជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ ថ្កោលទោស ជាសាធារណៈ ចំពោះទង្វើនៃការលួច ដែលឧបត្ថម្ភដោយរដ្ឋ បែបនេះ»។

យ៉ាងណា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានប្រកាសពីការបិទផ្លូវនាវាចរណ៍ សម្រាប់ “នាវាប្រេងដែលមានទណ្ឌកម្ម” ចាកចេញ និងធ្វើដំណើរ ទៅកាន់ប្រទេសវេណេស៊ុយអេឡា បង្ហាញពីការកើនឡើងបន្ថែមទៀត នៃ យុទ្ធនាការដាក់សម្ពាធ របស់លោក ត្រាំ ទៅលើទីក្រុងការ៉ាកាស។

បន្ទាប់ពីកងកម្លាំងអាមេរិកចាប់បានកប៉ាល់ដឹកប្រេង ចេញពីឆ្នេរសមុទ្រ វេណេស៊ុយអេឡា, លោក Trump បានសរសេរ នៅលើវេទិកាសង្គម Truth Social ថា «ថ្ងៃនេះ ខ្ញុំកំពុងបញ្ជាឱ្យមានការបិទនាវាដឹកប្រេងពេញលេញ ដែលត្រូវចូល និង ចេញ ពីវេណេស៊ុយអេឡា»។

លោក ត្រាំ ក៏បាននិយាយផងដែរថា គ្រឿងសព្វាវុធរបស់កងទ័ពជើងទឹកអាមេរិកដ៏ធំ ដែលប្រមូលផ្តុំ នៅសមុទ្រការ៉ាប៊ីន “នឹងកាន់តែធំ” រហូតដល់ប្រទេសវេណេស៊ុយអេឡា ប្រគល់ត្រឡប់ទៅសហរដ្ឋអាមេរិកវិញ នូវ ប្រេង ដី និង ទ្រព្យសម្បត្តិផ្សេងទៀត ជាអ្វី ដែលលោក ត្រាំ អះអាងថា ប្រទេសនេះ បានលួចពីអាមេរិក ពីមុនមក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner