ហុងគ្រី ថា រឹបអូសទ្រព្យរុស្ស៊ី ស្មើនឹងការប្រកាសសង្គ្រាម
ប៊ុយដាប៉ែស ៖ «វិធានការរបស់សហភាពអឺរ៉ុប ក្នុងការរឹបអូសយកទ្រព្យសម្បត្តិរុស្ស៊ី ដែលបង្កក គឺជាការបំពានច្បាប់ ស្មើនឹងការប្រកាសសង្គ្រាម» នេះគឺជាសម្តី របស់មេដឹកនាំហុងគ្រី ជាប្រទេសសមាជិកមួយ របស់ប្លុកនេះ។
លោក Viktor Orban នាយករដ្ឋមន្ត្រី ប្រទេសហុងគ្រី បាននិយាយ កាលពីថ្ងៃសៅរ៍ថា មន្ត្រីសហភាពអឺរ៉ុប កំពុងព្យាយាមរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ដែលបង្កក ដោយមិនឆ្លងកាត់ ការឯកភាពពីហុងគ្រី និង រំលោភច្បាប់អឺរ៉ុប ទាំងថ្ងៃ។ លោកបាននិយាយថា ទង្វើនេះស្មើនឹង «ការប្រកាសសង្គ្រាម»។ លោកបានចោទប្រកាន់ទីក្រុងព្រុចសែល ថា បានបញ្ឆេះជម្លោះ ហើយ ប្រទេស ហុងគ្រី នឹងមិនលេង ជាមួយនោះទេ។
លោក Orban បានចោទប្រកាន់ចំៗ លើបុគ្គលចំនួនដែលបានដឹកនាំអឺរ៉ុប ឲ្យដើរដល់ទីបញ្ចប់។ លោកសំដៅលើ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz, លោក Manfred Weber សមាជិកសភាអឺរ៉ុប និង លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃចន្ទ, សហភាពអឺរ៉ុប ទើបតែបានបោះឆ្នោត លើផែនការប្រើប្រាស់ទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៊ី ដែលជាប់គាំង ទោះបីជាមានការជំទាស់ ពីរដ្ឋសមាជិកមួយចំនួន ក៏ដោយ។
លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប ចង់ប្រើប្រាស់លុយ ២៤៦ពាន់លានដុល្លារ បង្វែរមកជាប្រាក់កម្ចី ផ្តល់ដល់អ៊ុយក្រែន តែ ជាគម្រោងដែលទទួលរងការប្រឆាំងជំទាស់ ដោយប្រទេសជាច្រើន រួមទាំង ប្រទេសហុងគ្រី និង ស្លូវ៉ាគី។
ប្រទេស រុស្ស៊ី បានថ្កោលទោស ការបង្កកនេះថា «ខុសច្បាប់» ហើយបានហៅការប្រើប្រាស់មូលនិធិណាមួយ របស់ខ្លួនថា ជា អំពើចោរកម្ម ដោយព្រមានអំពីផលវិបាកផ្នែកសេដ្ឋកិច្ច និងផ្លូវច្បាប់ នេះបើតាម RT ដដែល៕
ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត