កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម រួមគ្នាពង្រឹងវិស័យទេសចរណ៍ក្នុងតំបន់លើគម្រោងផ្តួចផ្តើម “ប្រទេសបួន គោលដៅតែមួយ”

ភ្នំពេញ៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមសហការរួមគ្នារៀបចំព្រឹត្តការណ៍ម្ហូបអាហារជំរុញទេសចរណ៍ និងការពិភាក្សាស៊ីជម្រៅលើការផ្តល់ភាពងាយស្រូលដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរជាតិ និងអន្តរជាតិលើគម្រោងផ្តួចផ្តើម “ប្រទេសបួន គោលដៅតែមួយ”។ ព្រឹត្តិការណ៍នេះធ្វើឡើង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកជំទាវ Darany Phommavongsa អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រួមគ្នាក្នុងការបើកកម្មវិធីមហោស្រពអាហារកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV)។

លោកជំទាវអនុរដ្ឋមន្រ្តី ឡាវ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីជំនាញនៃប្រទេសទាំងអស់ដែលបានសហការរួមគ្នាសម្រេចបាននូវពិព័រណ៍ម្ហូបអាហារប្រពៃណីនៃប្រទេសជាសមាជិក និងសន្និសីទលើប្រធានបទដ៏ល្អ និងមានសារៈសំខាន់សម្រាប់ការពង្រឹង និងពង្រីកកិច្ចសហការជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងបួនឱ្យកាន់តែសកម្ម ជាក់ស្តែង និងផ្តល់នូវប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងអស់គ្នា ក្រោមគំនិតផ្តួចផ្តើមរួមគ្នា “ប្រទេសបួន គោលដៅតែមួយ”។

ឯកឧត្ដមរដ្ឋមន្រ្តី ហួត ហាក់ គូសបញ្ជាក់ថាកម្ពុជា កំពុងមានសុខសន្តិភាព ស្ថិរភាពនយោយ សុខសុវត្ថិភាពដល់អ្នកទេសចរ និងអ្នកដំណើរទាំងអស់ ជាពិសេសការអភិវឌ្ឍលើគ្រប់វិស័យ និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញសម្រាប់អ្នកទេសចរ និងធុរជនពីប្រទេសឡាវ មីយ៉ានម៉ា និងវៀតណាម មកទស្សនា និងស្វែងយល់ ព្រមទាំងជួបពិភាក្សាជាមួយដៃគូកម្ពុជាបង្កើតជាកញ្ចប់ទស្សនកិច្ច ឬអាជីវកម្មរួមគ្នា។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថាព្រឹត្តិការណ៍នាពេលនេះ ជាការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងការសម្រួលការធ្វើដំណើរ ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការតភ្ជាប់អនុតំបន់ និងការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្រោមចក្ខុវិស័យ “ប្រទេសទាំងបួន ទិសដៅតែមួយ”។

ឯកឧត្ដមរដ្ឋមន្ត្រី ក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះឯកឧត្តមប្រធានគណៈប្រតិភូ CLMV រួមជាមួយនឹងប្រតិភូ CLMV ទាំងអស់ វាគ្មិនធនធាន តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនចំពោះការរួមចំណែកដ៏មានតម្លៃចំពោះកិច្ចសហប្រតិបត្តិការទេសចរណ៍។

គួរបញ្ជាក់ថា សិក្ខាសាលាថ្នាក់តំបន់ស្តីពី “ទេសចរណ៍ផ្លូវគោក និងការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ដោយមានការចូលរួមពីឯកឧត្តម Maung Maung Kyaw ប្រធានគណៈប្រតិភូនៃក្រសួងសណ្ឋាគារ និងទេសចរណ៍ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងលោកស្រី Tran Thi Phuong Nhung ប្រធានគណៈប្រតិភូនៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមពីរដ្ឋបាលរាជធានី ខេត្តដែលពាក់ព័ន្ធ មន្រ្តីជំនាញ និងពីវិស័យឯកជន ប្រមាណ ២៥០រូប៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner